ក្រុមហ៊ុន Apple ត្រូវបានប្ដឹងទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា Apple Pay មិនមានតម្លាភាព

ចែករំលែក៖

ភ្នំពេញ :កាលពីថ្ងៃចន្ទ ក្រុមហ៊ុន Apple ត្រូវបានប្តឹងដោយមេធាវីតំណាងឱ្យអ្នកចេញប័ណ្ណទូទាត់ និងធនាគារមួយនៅក្នុងរដ្ឋ Iowa ដោយចោទប្រកាន់ក្រុមហ៊ុនផលិតទូរសព្ទ iPhone ពីបទរំលោភអំណាចទីផ្សាររបស់ខ្លួនដើម្បីរារាំងការប្រកួតប្រជែងសម្រាប់ ការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Apple Pay។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគបាលជាតិ នៅព្រលប់ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2022។

នៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយក្រុមមេធាវីច្បាប់ Hagens Berman និង Sperling & Slater បានចោទប្រកាន់ថា Apple កំពុងរកប្រាក់ចំណេញដោយខុសច្បាប់យ៉ាងហោចណាស់ មួយពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយរារាំងគូប្រជែងមិនឱ្យចូលប្រើបច្ចេកវិទ្យា NFC នៅលើឧបករណ៍របស់ខ្លួន។ ការរារាំងនេះបានធ្វើឱ្យក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូទាត់ប្រាក់មានដូចជា Google Pay ឬ Samsung Pay មិនអាចដំណើរការបាននៅលើឧបករណ៍របស់ក្រុមហ៊ុន Apple។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការនគបាលជាតិ បានលើកឡើងថា, ពាក្យបណ្តឹងបានចោទប្រកាន់ថា សម្រាប់រាល់ប្រតិបត្តិការ Apple Pay ជាមួយនឹងប័ណ្ណទូទាត់នៅសហរដ្ឋអាមេរិក អ្នកចេញប័ណ្ណត្រូវបង់ប្រាក់ឱ្យ Apple ចំនួន ០,១៥% សម្រាប់ប័ណ្ណឥណទាន និងកន្លះសេនសម្រាប់ប័ណ្ណឥណពន្ធ។ តាមការប្រៀបធៀបក្រុមហ៊ុន Google មិនមានការប្រមូលថ្លៃសេវាពីអ្នកចេញប័ណ្ណសម្រាប់ការបង់ប្រាក់ តាមរយៈ Google Pay នោះទេ។

គួរបញ្ជាក់ដែរថាមុខងារ Apple Pay ក៏ត្រូវបានរងការរិះគន់ស្រដៀងគ្នានេះនៅក្នុងតំបន់ផ្សេងទៀត រួមទាំងអូស្ត្រាលី និងអឺរ៉ុបផងដែរ។ កាលពីខែឧសភា គណៈកម្មការអឺរ៉ុបបានជូនដំណឹងដល់ Apple អំពីទស្សនៈបឋមរបស់ខ្លួនថា ក្រុមហ៊ុនបានប្រើប្រាស់ទីផ្សារដ៏ធំរបស់ខ្លួនមិនមានតម្លាភាព ដោយបានកំណត់មិនឱ្យក្រុមហ៊ុនដទៃទៀតអាចចូលទៅប្រើបច្ចេកវិទ្យា NFC នៅលើឧបករណ៍ Apple ដែលជាបច្ចេកវិទ្យាសម្រាប់ប្រើក្នុងការទូទាត់ប្រាក់តាមរយៈទូរសព្ទ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print