ប្រទេសអេស្ប៉ាញមានករណីទារកកើតមកក្បាលតូចជាលើកទីមួយពាក់ព័ន្ធនឹងវីរុសហ្សុីកា

ចែករំលែក៖

មន្ត្រីសុខាភិបាលអេស្ប៉ាញបានឲ្យដឹងថា មានករណីទារកកើតមកក្បាលតូចដំបូង បង្អស់នៅក្នុងប្រទេសនេះគឺអាចបណ្តាលមកពីការឆ្លងវីរុសហ្សុីកា។ ទារកខាងលើ កើតនៅតំបន់ Catalonia ជាតំបន់ដែលបាន ទាមទារផ្តាច់ខ្លួនចេញពីអេស្ប៉ាញ។

មន្ត្រីសុខាភិបាលតំបន់ Catalonia បានបញ្ជាក់ថាស្ត្រីមានផ្ទសៃោះដែលបានឆ្លងវីរុស ហ្ស៊ីកាមានអាការក្តៅរងា។ នៅក្នុងប្រទេស អេស្ប៉ាញរយៈពេល៣ខែកន្លងមកមាន មនុស្សរហូតដល់ទៅ១០៥នាក់បានឆ្លង វីរុសហ្ស៊ីកាក្នុងនោះមានស្ត្រីមានផ្ទៃពោះ ១៣នាក់គឺជាអ្នកដែលបានទៅកាន់អាមេរិកឡាទីនដែលជាប្រទេសមានការឆ្លងរាល ដាលនៃវីរុសនេះច្រើនបំផុត។

វីរុសហ្ស៊ីកាកើតឡើងនៅទ្វីបអាហ្រ្វិក ក្រោយមកក៏បានរាលដាល់ទៅកាន់អាមេរិក ឡាទីន និង អាស៊ីតាមរយៈមូសដែលនៅ ពេលនេះមានប្រទេសជាង ៥០ បានឆ្លង វីរុសនោះហើយ ។

តាមការព្យាកររបស់អង្គការសុខភាព ពិភពលោក វីរុសហ្សុីកាអាចឆ្លងទៅកាន់ មនុស្សរហូតដល់៥០០លាននាក់។ WHO ក៏បានប្រកាសអាសន្នពីការឆ្លងរាលដាលនៃវីរុសខាងលើដោយសារតែមិនទាន់មាន ថ្នាំព្យាបាល។

កាលពីថ្ងៃទី៥ ខែឧសភា សារព័ត៌មាន ញូវយ៉កថាមស៍បានផ្សាយថា ក្រុមអ្នកវិទ្យា សាស្ត្រប្រេស៊ីលកំពុងតែសាកល្បងបាក់តេរីប៉ារ៉ាស៊ីតដែលមានសមត្ថភាពគ្រប់គ្រងរារាំងការឆ្លងរាលដាលនៃវីរុសហ្សុីកា។

បាក់តេរី ប៉ារ៉ាស៊ីត មានឈ្មោះថា Wolbachia មានសមត្ថភាពខ្ពស់ក្នុងការកាត់ បន្ថយការឆ្លងរាលដាលនៃមេរោគហ្ស៊ីកា។ នៅក្នុងកម្មវិធីបំផ្លាញមេរោគចម្លងជំងឺនៅ តំបន់ត្រូពិកបាក់តេរី Wolbachia ត្រូវបានដាក់បញ្ចូលនៅក្នុងពងនៃសត្វមូស Aedes ហើយសត្វមុសកូន និងបន្តចម្លងបាត់តេរី ខាងលើដល់ជំនាន់ក្រោយៗ។ លទ្ធផល បង្ហាញឲ្យឃើញថា វីរុសហ្ស៊ីកាបានថយ ចុះជាច្រើន ។

គម្រោងខាងលើនឹងត្រូវលែងមូស Aedes មានបាក់តេរី Wolbachia ទៅកាន់ តំបន់ដែលមានមូស Aedes ចម្លងជំងឺហ្ស៊ីកា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ គម្រោង ខាងលើមានន័យថា ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រើប្រាស់បាក់តេរីទៅកម្ចាត់វីរុសក្រោយ ពេលរកមិនទាន់ឃើញថ្នាំព្យាបាល។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ ក្រសួងសុខាភិបាលប្រទេស ប៉ាណាម៉ាបានបញ្ជាក់ថា មានករណីឆ្លង វីរុសហ្សុីកា ៤នាក់ ជាលើកដំបូងទៅលើ ទារកនៅប្រទេសនេះធ្វើឲ្យទារកទាំង៤ នាក់នោះមានក្បាលតូចដូចនៅក្នុងប្រទេស ប្រេស៊ីលដែរ។

កន្លងមកនៅទីក្រុង Porto Rico របស់ អាមេរិកមន្ត្រីរដ្ឋាភិបាលបានប្រកាសឲ្យដឹង ថា មានករណីស្លាប់ជាលើកទីមួយដោយសារមេរោគហ្ស៊ីកា។ អ្នកជំងឺបានស្លាប់ បន្ទាប់ពីស្ថានភាពជំងឺបានធ្លាក់ដុនដាប ដោយសារតែគ្រាប់កោសិកាឈាមបានងាប់ ជាបន្តបន្ទាប់។ ដោយឡែកបើយោងតាម ការផ្សាយរបស់ទូរទស្សន៍ El Nuevodia ដែលបានដកស្រង់ប្រសាសន៍របស់លោកស្រីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះ Porto Rico បានឲ្យដឹងថា អ្នកជំងឺគឺជាបុរសវ័យ៧០ឆ្នាំម្នាក់ ហើយដែលបានស្លាប់កាល ពីចុងខែកុម្ភៈ។​ ប្រការដែលអាជ្ញាធរទើប តែប្រកាសនាពេលនេះដោយសារតែគេត្រូវការពេលធ្វើកោសល្យវិច័យនិងធ្វើការវិភាគឲ្យបានម៉ដ្ឋចត់មុននឹងប្រកាសបង្កជាការផ្អើលឆោឡោ។

រហូតមកដល់ពេលនេះករណីអ្នកឆ្លងមេរោគហ្ស៊ីកាហើយឈានទៅដល់ស្លាប់គឺជាករណីកម្រណាស់។ ជាមួយនឹងករណីទី១ នៅកោះ Porto Rico នាពេលនេះសបង្ហាញ ថាមេរោគនេះមានលក្ខណៈកាចសាហាវ ក្នុងករណីមួយចំនួន។ បើគិតពីខែវិច្ឆិកាមក នៅកោះ Porto Rico មានអ្នកជំងឺដែល គេសង្ស័យថា បានឆ្លងមេរោគហ្ស៊ីកាចំនួន ៦១៥៧នាក់ ហើយក្នុងនោះមាន៦៨៣ នាក់ដែលត្រូវបានគេតាមដានដឹងថា ពិត ជាបានផ្ទុកមេរោគនេះមែន។

កោះនានានៅក្នុងសមុទ្រការ៉ាអុីបក៏កំពុង តែមានការព្រួយបារម្ភពីការឆ្លងរាលដាលនៃមេរោគនេះតាមរយៈសត្វមូសផងដែរ។ ជាក់ស្តែងកោះ Guadeloupe របស់បារាំងបានប្រកាសជាផ្លូវការអំពីលទ្ធភាពនៃការឆ្លងជាទ្រង់ទ្រាយធំនៃមេរោគហ្ស៊ីកា។ មក ត្រឹមពេលនេះនៅលើកោះ Guadeloupe មានអ្នកជំងឺប្រមាណជា២.១០០នាក់ ក៏ប៉ុន្តែ នៅប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកឆ្លងមេរោគបានកើនឡើងកាន់តែច្រើនគួរឲ្យព្រួយបារម្ភ។ការប្រកាសអាសន្នពីស្ថានភាព ជំងឺឆ្លងទ្រង់ទ្រាយធំនេះមានន័យថាអាជ្ញាធរនឹងត្រូវចាត់វិធានការឲ្យបានសកម្មតាមរយៈការរើសបុគ្គលិកសុខាភិបាលបន្ថែម ដើម្បីធ្វើការឃោសនាពីរបៀបការពារខ្លួន។ ស្រ្តីមានផ្ទៃពោះគឺជាមុខសញ្ញាចម្បងនៃការ ការពាររបស់អាជ្ញាធរសុខាភិបាលបារាំង នៅលើកោះនេះ៕

5164

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print