ពាក្យចាស់លោកពោលថា ស្លឹកឈើឥតកម្រើក បើកក្រើកត្បិតខ្យល់បក់ ទឹកថ្លាល្គឹកបើល្អក់ ត្បិតរលកខ្លាំងសុះសាយ។ ពាក្យកំណាព្យដ៏ខ្លីដែលមានអត្ថន័យជ្រាលជ្រៅនេះ ក៏អាចធ្វើឱ្យ ប្រជាពលរដ្ឋទូទាំងប្រទេស យល់បានពីចេតនាទុច្ចរឹតរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលកំពុងព្យាយាមធ្វើទង្វើផ្គើនរំលោភទៅលើច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាលទ្ធផលគឺមិនអាចសម្រេចបានជាដាច់ខាត។
មានហេតុ គឺត្រូវមានផល ដែលនេះជាពាក្យសាមញ្ញបំផុតក្នុងភាសាខ្មែរយើងដែលជាការលំបាកក្នុងការឱ្យជនជាតិដទៃទៀតយល់បានពីសុភាសិតខ្មែរទាំងអស់នេះ។ ហេតុពីដំបូងគឺនៅត្រង់ថាបន្ទាប់ពីបែកធ្លាយរឿងអាស្រូវស្នេហាលួចលាក់របស់លោក កឹម សុខា ដែលបានប្រព្រឹត្តនូវអំពើអសីលធម៌ទៅលើរូបនាងខុម ចាន់តារាទី ហៅស្រី មុំ ក៏ដូចជានារីខ្មែរស្លូតត្រង់ជាច្រើននាក់ផ្សេងទៀត។ ពេលនោះក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីជួយស្តារស្ថានភាពស្រុតចុះរបស់លោក កឹម សុខា រួមទាំងការសូកប៉ាន់ ស្រីមុំដើម្បីការពារលោកកឹម សុខាផងដែរ។ ក្រោយពីបែកធ្លាយរឿងសូកប៉ាន់នេះហើយ ទើបមន្រ្តីអង្គការសង្គមស៊ីវិលខ្លះបានក្លាយជាជនសង្ស័យនៅក្នុងសំណុំរឿងនោះរហូតឈានដល់ការឃាត់ខ្លួនដាក់ពន្ធនាគារព្រៃសជាដើម។
ប៉ុណ្ណឹងហើយ ក្រុមនិន្នាការប្រឆាំងទាំងនោះមិនអស់ចិត្តទេ មិនទទួលស្គាល់កំហុសរបស់ខ្លួន ដែលមិនបានបំពេញបេសកកម្មរបស់ខ្លួនក្នុងការកសាងអភិវឌ្ឍន៍កម្ពុជាដូចអ្វីដែលខ្លួនសរសេរ នៅក្នុងចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួននោះទេ អំពើល្មើសច្បាប់កាន់តែច្រើនឡើងៗរហូត ហ៊ានចេញមុខអំពាវនាវឱ្យមានយុទ្ធនាការពាក់អាវខ្មៅ ដែលអាចឈានដល់ការធ្វើបដិវត្តន៍ពណ៌ថែមទៀតពោលគឺមានចេតនាទុច្ចរឹតចង់ បង្កភាពអាណាធិបតេយ្យក្រោមលេសសិទ្ធិមនុស្សដើម្បីទាមទារដោះលែងជនជាប់ចោទទាំងនោះ។
ដើម្បីថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការពង្រឹងនីតិរដ្ឋក្នុង ក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទើបក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាស ព័ត៌មាននៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ ទៅដល់សាធារណមតិជាតិ និងអន្តរជាតិជាពិសេសអង្គការក្រៅរដ្ឋាភិបាល និងសមាគមនានានោះ ឱ្យគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាពិសេសច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែជាអកុសលទង្វើផ្គើនព្រហើន ថ្លើមធំមើលស្រាលច្បាប់ និងអធិបតេយ្យកម្ពុជា ដោយនៅតែមានមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនចូលរួមក្នុងយុទ្ធនាការចលនាថ្ងៃច័ន្ទពណ៌ខ្មៅនេះដដែល រហូតឈានដល់សមត្ថកិច្ចបង្ខំការអនុវត្តវិធានការច្បាប់ចាប់ឃាត់ខ្លួនបណ្តោះអាសន្នបុគ្គលមួយចំនួនរួមទាំងជនបរទេសពីររូបផងដែរគឺដើម្បីស្តារនូវស្ថានភាពគ្រោះថ្នាក់មួយនេះ ដែលអាចនាំដល់សេចក្តីវិនាសអន្តរាយនៃសង្គ្រាមស៊ីវិលដល់ជាតិទាំងមូលតាមរយៈការធ្វើបដិវត្តន៍ពណ៌ខ្មៅនេះ។
ពណ៌នាមកដល់ត្រឹមនេះ ល្មមមហាជនប្រុសស្រី ស្វែងយល់បានហើយពីចេតនាទុច្ចរឹតរបស់ អង្គការសង្គមស៊ីវិលសមាគមដែលមាននិន្នាការប្រឆាំងអស់ទាំងនេះ ដែលមិនបានចូលរួមជួយកសាង និងអភិវឌ្ឍន៍កម្ពុជាជាមួយរាជរដ្ឋាភិបាលនោះទេ បែរជាបង្កនូវបញ្ហាដែលប៉ះពាល់ និងរាំងស្ទះដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ក្នុងពេលដែលមាតុភូមិខ្មែរកំពុងតែបើក យុទ្ធនាការចែកចាយទឹកសង្រ្គោះប្រជាពលរដ្ឋ ពួកគេបំរើដោយដាច់ថ្លៃរបស់បរទេស ខ្លួនក្បាលខ្មែរចាយប្រាក់ខែដុល្លារអាមេរិកទាំងនេះ បំផុសយុទ្ធនាការស្លៀកពាក់ខ្មៅទៅវិញ៕
ដោយ៖ មាន មេត្តា