មន្រ្តី​នគរបាល​ខណ្ឌ​មានជ័យ​ពីរ​រូប​​ក្លែង​សៀវភៅ​ស្នាក់​នៅ​ ត្រូវ​ឃាត់​ខ្លួន​បញ្ចូន​មក​សាលាដំបូងរាជធានី

ចែករំលែក៖

ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ បញ្ចូន​ខ្លួន​នាយរងនគរបាលប៉ុស្តិ៍បឹងទំពុនម្នាក់ និង មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នគរបាលខណ្ឌមានជ័យម្នាក់ទៀត មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីក្លែងត្រាធ្វើសៀវភៅ ស្នាក់នៅឲ្យប្រជាពលរដ្ឋក្នុងតម្លៃ៨០ដុល្លារ ។

ទោះបី​យ៉ាងណា​ រសៀល​មក​ទល់​ល្ងាច​ថ្ងៃ​ដដែល​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។
សមត្ថកិច្ច​ បាន​ឲ្យដឹងថា​ នាយរងនគរបាលប៉ុស្តិ៍បឹងទំពុនឈ្មោះ កែវ សារ៉ាវុធ និង មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នគរបាលខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ ។​ ជុំវិញករណីនេះនាយឧត្តមសេនីយ៍ នេត សាវឿនក៏បានថ្លែងថាៈ​ មន្រ្តីនគរបាល ដែល ក្លែងឯកសារខុសច្បាប់ ត្រូវបកសក្តិ និងបញ្ជូនទៅតុលាការអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រកាសចាត់វិធានការចំពោះ មន្រ្តីនគរបាលរូបណាដែលហ៊ានក្លែងឯកសារខុសច្បាប់ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់ និងអត្តសញ្ញាណប័ណ្ណ ។ល។ ត្រូវទទួលទោសតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៩សណន របស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការគ្រប់គ្រង និងបែងចែកប្រាក់ចំណូលពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា “នៅរាជធានីភ្នំពេញប៉ុន្មានថ្ងៃកន្លងទៅនេះ មានអនុប្រធានប៉ុស្តិ៍មួយរូប នៅខណ្ឌមានជ័យ បានទៅធ្វើត្រាមូល និងត្រាឈ្មោះអធិការក្លែងក្លាយ ទៅធ្វើសៀវភៅគ្រួសារ យកលុយ ៨០ដុល្លារ ។ ការហ៊ានធ្វើក្លែងក្លាយបែបនេះគឺជា បទល្មើសពេញទី ដូច្នេះត្រូវបញ្ជូនទៅតុលាការ គ្មានការយោគយល់អ្វីនោះទេ” ។
នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថាវាជាបញ្ហាធ្ងន់ធ្ងរ បើនគរបាលចូលរួមជាមួយក្រុមចោរ ចូលរួមលក់គ្រឿងញៀន ដូច្នេះមិនមានការអប់រំអ្វីទេ គឺមានតែបញ្ជូនទៅតុលាការដាក់គុកតែម្តង ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានី ខេត្តទាំង ២៥ រួមទាំងកម្លាំងថ្នាក់ជាតិទាំងអស់ ត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជំរុញការរក្សាសន្តិសុខជាតិ បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរ បទល្មើសគ្រឿញៀន និងរក្សាសណ្តាប់ធ្នាប់ទូទៅ។ លោក បញ្ជាក់ថា គ្រប់ការងារបទល្មើស និងការងារចរាចរណ៍ផ្លូវគោក ស្នងការរាជធានី ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ៕​

image

ដោយ​ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print