ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២០ ខែកក្កដា ឆ្នាំ២០២២នេះថា៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែកក្កដាម្សិលមិញនេះ ចំនួនគោលដៅសរុប ១៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣.០៦៧គ្រឿង ម៉ូតូ ២.៦២៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦០៤គ្រឿង មានម៉ូតូចំនួន ៥២៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
ដោយឡែកក្នុងរយៈពេល១៩ថ្ងៃ(ថ្ងៃទី០១-១៩ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៥៧.៥៤៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦.៤៩៦គ្រឿង ម៉ូតូមានចំនួន ៥.៣៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៩ថ្ងៃនៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕
ដោយ៖ស តារា