ភ្នំពេញ៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២០ ខែកក្កដាឆ្នាំ២០២២នេះថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់(ស្រី២នាក់) របួសធ្ងន់៧នាក់(ស្រី២នាក់) និងរបួសស្រាល ៣នាក់ ។
របាយការណ៍ដដែលបន្តថា យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៩ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៣នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៦លើក។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !៕
ដោយ៖ស តារា