បុរសម្នាក់កំពុងឆក់ត្រីក្នុងស្រែតែភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ស្លាប់ខ្លួនឯងវិញនៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារបន្ទាប់ពីបុរសម្នាក់បានចេញទៅឆក់ត្រីក្នុងស្រែ តែបានភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ស្លាប់ខ្លួនឯងវិញទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃតាយ័ន្ត ឃុំពងទឹក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះហ៊ន់ ខាន់ អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃតាយ័ន្ត ឃុំពងទឹក ស្រុករំដួល។

ក្រោយមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិ សមត្ថកិច្ចនគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលនិងគ្រូពេទ្យចុះទៅពិនិត្យសាកសព ដោយសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពេលកំពុងឆក់ត្រីប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើនេះបានយកខ្សែភ្លើងអាគុយក៏ដូចជាប្រដាប់ឆក់ត្រីដើរទៅវាលស្រែមានទឹកនៅខាងកើតផ្ទះ។ លុះមួយស្របក់ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅមើលឃើញបុរសឈ្មោះហ៊ន់ ខាន់ ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា មូលហេតុដោយសារតែជនរងគ្រោះឆក់ត្រីខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរអិលជើងដួលត្រូវខ្សែភ្លើងឆក់ស្លាប់ខ្លួនឯងបែបនេះតែម្ដង ។

ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចនគរបាលបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕

ដោយ៖សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print