សិទ្ធិមនុស្សនៅកម្ពុជាកំពុងតែច្របូកច្របល់ញាំញី នៅពេលដែលក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សធ្វើឲ្យជ្រួលច្របល់ ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់សិទ្ធិបុគ្គលរបស់មន្ត្រីសិទ្ធិមនុស្សមួយចំនួនត្រូវគេមើលឃើញថា បានបំពារបំពានទៅលើសិទ្ធិអ្នកដទៃនោះទៀតផង ។ ទិដ្ឋភាពបែបនេះ ត្រូវគេបំប៉ោងដើម្បីបង្ហាញថា កម្ពុជាកំពុងមានបញ្ហាសិទ្ធិមនុស្សយ៉ាងធ្ងន់ ដែលក្នុងនោះ សូម្បីតែការស្លៀកពាក់ក៏ត្រូវបានរិតដ្បិត ។ គេអាចនិយាយកណ្តាលពាក្យ ដើម្បីឲ្យមជ្ឈដ្ឋានខាងក្រៅយល់ច្រឡំចំពោះស្ថានការណ៍នៅកម្ពុជា ។ ប៉ុន្តែការពិត វាមិនដូច្នោះទេ ។
ជាក់ស្តែងបុរស នារី២នាក់ ជាជនបរទេស ត្រូវគេរកឃើញថា ពួកគាត់គ្មានឯកសារសំអាងអ្វីទាំងអស់ថា ជាមន្ត្រីផ្នែកសិទ្ធិមនុស្ស ដែលស្លៀកពាក់ពណ៌ខ្មៅ ដើម្បីបង្ហាញឲ្យសាធារណមតិយល់ច្រឡំ អំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ។ អ្វីដែលពួកគេធ្វើ គឺចង់បង្ហាញអំពីចេតនាឲ្យគេយល់ច្រឡំថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពនៃបញ្ហាសិទ្ធិមនុស្សដ៏អាក្រក់ ដែលសូម្បីតែថ្ងៃចន្ទ ស្លៀកពណ៌ខ្មៅ ក៏មិនបានផង ។ ប៉ុន្តែពួកគេធ្វើជាមិនដឹង ឬខំប្រឹងព្យាយាមលាក់ អំពីចេតនារបស់ពួកគេ ដែលស្លៀកពាក់ខ្មៅ ក្នុងបំណងបង្ហាញឲ្យមជ្ឈដ្ឋានខាងក្រៅយល់ច្រឡំ ។ មិនមែនឲ្យតែស្លៀកពាក់ខ្មៅត្រូវបានហាមឃាត់នោះទេ ។ មានមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះ ដែលស្លៀកពាក់ខ្មៅក្នុងបំណងបង្ហាញឲ្យមានការយល់ច្រឡំ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ។ ទង្វើបែបនេះធ្វើឲ្យមានការយល់ច្រឡំខ្លះៗដែរ ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាល ទប់ស្កាត់ចំណុចអវិជ្ជមានរបស់ពួកគេ ។ ទោះជាយ៉ាងនេះក្តី មន្ត្រីអង្គការសិទ្ធិមនុស្សដែលស្លៀកពាក់ខ្មៅ ត្រូវបានអប់រំណែនាំមួយរយៈពេលខ្លះ ហើយអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ ។
អង្គការសិទ្ធិមនុស្សមួយចំនួនកំពុងជំរុញឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលជាថ្មីម្តងទៀត តាមរយៈការព្យាយាមផ្តួលរដ្ឋាភិបាលក្រោមឆត្រសិទ្ធិមនុស្ស ។ ទង្វើបែបនេះ ធ្វើឲ្យមានការព្រួយបារម្ភជាទូទៅ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានភាពអនាធិបតេយ្យនោះជាដាច់ខាត ។ បច្ចុប្បន្ននេះ កម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ ។ ប៉ុន្តែបញ្ហាបន្តិចបន្តួច ដែលកើតមានកន្លងមក ត្រូវបានពូតផ្តុំ ផ្លុំជាផ្សែង ហើយដែលអាចនឹងរងការបំផ្លិចបំផ្លាញម្តងទៀត ដោយសារសង្គ្រាម ។ ដើមឡើយ វាជាបញ្ហាតូចតាច ដូច្នេះ រាជរដ្ឋាភិបាលត្រូវការទប់ស្កាត់មិនឲ្យវាក្លាយជាភ្លើងនោះឡើយ ។ «រាជរដ្ឋាភិបាលមានកាតព្វកិច្ចពង្រឹងសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ» ។ អង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅតែបន្តសកម្មភាព ដោយគ្មានការអនុញ្ញាតច្បាប់ ហើយពួកគេបានបង្កនូវអំពើហិង្សា ក៏ដូចជាបង្កើតឲ្យមានចលាចលនៅក្នុងសង្គមជាដើម ។
សន្តិភាព និងការអភិវឌ្ឍដែលមានរហូតដល់សព្វថ្ងៃ គឺកើតមានពីការខិតខំពលីកម្មដ៏ធំធេងរបស់រាជរដ្ឋាភិបាល ជាពិសេសប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ។ ទម្រាំដល់សព្វថ្ងៃនេះ ឆ្លងកាត់ឧបសគ្គជាច្រើន តាំងពីបញ្ហាពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការនាំយកនូវសន្តិភាពពេញលេញជូនប្រទេសជាតិទាំងមូល ។ តើដូច្នេះ ត្រូវបណ្តោយឲ្យសន្តិភាព ដែលបានមកទាំងលំបាកនោះ ត្រូវបាត់បង់ដោយងាយៗ ឬយ៉ាងណា? ទម្រាំបានសន្តិភាពដល់សព្វថ្ងៃ ប្រជាជាតិមានការអភិវឌ្ឍដូចសព្វថ្ងៃ ប្រជាជនរស់សុខសាន្ត គឺលំបាកខ្លាំងណាស់ ។ ដូច្នេះ មិនអាចឲ្យបាត់បង់សន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះបានឡើយ ។ មុននឹងនិយាយដល់បញ្ហាសិទ្ធិមនុស្សគឺត្រូវនិយាយបញ្ហាសន្តិភាពជាមុន ។ មន្ត្រីសិទ្ធិមនុស្សទាំងឡាយ ដែលអាចឈរជើងបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ គឺអាស្រ័យដោយកម្ពុជាមានសុខសន្តិភាពពេញលេញ ។ មន្ត្រីសិទ្ធិមនុស្សទាំងជាតិ និងអន្តរជាតិអាចធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាបានគ្រប់ពេលវេលា ។ នេះគឺដោយសារមានសន្តិភាព, មានសន្តិភាព ទើបមានសិទ្ធិមនុស្ស ។ ដូច្នេះ បើមានសិទ្ធិហើយ បុគ្គលម្នាក់ៗប្រើសិទ្ធិនោះឲ្យសមស្រប ជៀសវាងរំលោភបំពាន ឬធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។
រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរជាចម្បងអំពីបញ្ហាសិទ្ធិមនុស្សនេះ ។ ប៉ុន្តែបុគ្គលខ្លះនៅក្នុងចំណោមអង្គការសិទ្ធិមនុស្ស បែរជាមានចេតនាធ្វើឲ្យកម្ពុជាច្របូកច្របល់ ក្នុងគោលបំណងធ្វើឲ្យមានបញ្ហាសង្គមវឹកវរ ចលាចល ។ ជាការពិត វាមិនមែនឥតខ្ចោះនោះទេអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ន ។ ចំណុចខុសឆ្គងទាំងឡាយណា គួរតែត្រូវបានរិះគន់ដើម្បីស្ថាបនា មិនមែនបង្កើតឲ្យមានបញ្ហាចលាចលនោះឡើយ ។ ទង្វើបែបនេះ នៃក្រុមមន្ត្រីសិទ្ធិមនុស្សទាំងឡាយ អាចនឹងរុញច្រានឲ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ។ ដូច្នេះ យើងប្រើសិទ្ធិយើង កុំឲ្យប៉ះពាល់សិទ្ធិអ្នកដទៃ ។ បើប៉ះពាល់ដល់អ្នកដទៃ នៅពេលដែលអ្នកដទៃរើបម្រះ វាពិតជាមានបញ្ហា ៕
ដោយ៖ នួន នរិន្ទ្រន៍