ចិនបន្តសកម្មភាពកសាងស្ថានីយអវកាស របស់ខ្លួន

ចែករំលែក៖

ក្រោយការបរាជ័យពីរលើកកន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបន្តសកម្មភាពសាងសង់ស្ថានីយអវកាសតទៅទៀត ។ នៅថ្ងៃទី២៤ខែកក្កដានេះចិនបានបញ្ជូនផ្នែកទីពីរមានឈ្មោះ Wentian នៃស្ថានីយអវកាសដើម្បីតភ្ជាប់។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០២២បានផ្សាយថា នៅថ្ងៃអាទិត្យនេះចិនបានបាញ់បញ្ជូនកំណាត់បន្ទប់ទី២ក្នុងចំណោមកំណាត់បន្ទប់សរុបចំនួន៣ចាំបាច់សម្រាប់ដំណើរការសាងសង់ ស្ថានីយអវកាសរបស់ខ្លួនដែលត្រូវបានរំពឹងថា នឹងហើយរួចរាល់ជាស្ថាពរនៅមុនដំណាច់ឆ្នាំនេះ។
កំណាត់បន្ទប់ខាងលើមានឈ្មោះថា វិនធាន (Wentian) ត្រូវបានបាញ់បង្ហោះឡើងឆ្ពោះទៅកាន់ទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត ឡុង
ម៉ាច-ហ្វាយប៊ី (Long March 5B) នៅរសៀលថ្ងៃអាទិត្យនេះ ចេញពីមជ្ឈមណ្ឌលបង្ហោះយានអវកាស វិនចាង (Wenchang) ក្នុងខេត្ត ហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។
ជាមួយបណ្តោយប្រវែងជិត ១៨ម៉ែត្រ និងទម្ងន់២២តោន កំណាត់បន្ទប់ វិនធាន មានកន្លែងឱ្យអវកាសយានិកដេកសម្រាកចំនួន៣ ព្រមទាំងទីធ្លាសម្រាប់ធ្វើការងារពិសោធន៍ផ្សេងៗ។ ខណៈកំណាត់បន្ទប់ថ្មីនេះនឹងបម្រើជាបន្ទប់ពិសោធន៍វិទ្យាសាស្រ្តជាចម្បងក៏ដោយ ក៏វានឹងដើរតួនាទីជាកន្លែងបម្រុងសម្រាប់ការបញ្ជាគ្រប់គ្រងលើស្ថានីយទាំងមូល ក្នុងករណីអាសន្នណាមួយផងដែរ។
ទីក្រុងប៉េកាំងបានបញ្ជូន កំណាត់បន្ទប់ស្នូលឈ្មោះថា ធានហឺ (Tianhe) នៃស្ថានីយអវកាស ធានហ្កុង (Tiangong) របស់ខ្លួន ឡើងទៅទីអវកាសកាលពីខែមេសា ឆ្នាំ២០២១។ រយៈពេលជាងមួយឆ្នាំមកនេះ មានការបញ្ជូនក្រុមអវកាសយានិក និងសម្ភារជាបន្តបន្ទាប់ទៅកាន់ទីនោះ។ រីឯកំណាត់បន្ទប់ចុងក្រោយវិញនោះ គឺត្រូវបានគ្រោងនឹងបញ្ជូនឡើងទីអវកាសនៅខែតុលាខាងមុខ ហើយស្ថានីយ ធានហ្កុង នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបានពេញលេញ នៅមុនដំណាច់ឆ្នាំ២០២២នេះ។ បើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្តចិន ស្ថានីយអវកាសនេះ អាចធ្វើប្រតិបត្តិការបាន យ៉ាងហោចក៏១០ឆ្នាំដែរ៕ ដោយធីរីណា

...

រូប​ថត​ :​ Business Insider

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print