មេឃកំពុងភ្លៀងយ៉ាងខ្លាំង បុរសម្នាក់ដើរទៅមើលអន្ទាក់ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ហេតុការណ៍នេះ: បានកើតឡើងកាលពីវេលាម៉ោង០៥និង២០នាទីល្ងាច ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សពជនរងគ្រោះឈ្មោះ ស៊ន សំ ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។

បើយោងតាមការបំភ្លឺរបស់ស្ត្រីឈ្មោះ លាត គីន ត្រូវជាប្រពន្ធសពប្រាប់ថា រូបនាងនិងប្ដីរបស់នាងជារៀងរាល់ថ្ងៃតែងនាំគ្នាទៅចំការដំឡូងមីនៅខាងកើតភូមិ នៅថ្ងៃកើតហេតុនាង និងប្ដីបានទៅចំការដូចសព្វដង លុះដល់ម៉ោងប្រហែល០៥ ផ្ទៃមេឃខ្មៅមីដេរដាសហើយក៏មានភ្លៀងយ៉ាងខ្លាំងផងនោះ នាងក៏នៅលើខ្ទមចាំចំការ ឯប្ដីនាងដើរទៅមើលអន្ទាក់ដាក់សត្វនៅខាងលិចខ្ទមចំងាយប្រហែលជា១៥០ម៉ែត្រ នាងបានលឺសំលេងប្ដីស្រែកច្រៀងលេងល្វើយៗ តាមទម្លាប់ មួយសន្ទុះក្រោយមកមេឃក៏មានធ្លាក់ភ្លៀងខ្លាំង លាយឡំផ្គររន្ទះ ពេលនោះនាងបានលឺសម្លេងរន្ទះបាញ់ចេញភ្លើងពណ៌ខៀវនៅចំណុចកន្លែងដែលប្ដីនាងច្រៀង ភ្លាមនោះខ្លួនក៏រត់សំដៅមកមើលឃើញប្ដីដួលផ្កាប់មុខលើដី នាងបានលើកត្រកងប្ដីមកធ្វើចលនា តែគាត់បានស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្តក៏ទូរស័ព្ទហៅបងប្អូនក្នុងភូមិនាំគ្នាមកដឹកយកគាត់ទៅមណ្ឌលសុខភាពសាលាវិស័យ ទៅដល់គ្រូពេទ្យពិនិត្យនឹងប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយមិនអាចសង្គ្រោះបានទេ ។

ពេលទទួលបានពត៌មាន កម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលឃុំសាលាវិស័យ គ្រូពេទ្យមណ្ឌលសុខភាពឃុំសាវិស័យ បានចុះពិនិត្យដល់ទីកន្លែងកើតហេតុ និងសាកសព មិនមានស្លាកស្នាមគួរឲ្យកត់សំគាល់ទេ សពមានស្នាមឆេះខ្លោចនៅចំណុចកំប៉េះគូថខាងឆ្វេង និងមុខមានស្នាមឆេះខ្លោច។

ក្រៅពីការពិនិត្យខាងលើយើងមិនបានរកឃើញស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ តាមការស្រាវជ្រាវស៊ើបអង្គតព័ត៌មានជុំវិញកន្លែងកើតហេតុ និងការពិនិត្យសាកសព សន្និដ្ឋានសពស្លាប់ដោយសារ រន្ទះបាញ់ពិតប្រាកដមែន ក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print