ភ្នំពេញ : នៅរសៀលថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដោយមានការគាំទ្រពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរៀបចំសិក្ខាសាលា “ស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងលោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី។ សិក្ខាសាលាតាមប្រព័ន្ធវីដេអូនេះក៏មានការចូលរួមពីតំណាងសហព័ន្ធធុរកិច្ចសិង្ហបុរី និងតំណាងសភាពាពណិជ្ជកម្មកម្ពុជា សរុបចំនួនប្រមាណ ១៥០រូប។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរំលេចនៅក្នុងសុន្ទរកថារបស់លោក ថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ដែលបានដាក់ចេញនៅដើមឆ្នាំ២០២១ មាន គោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិ និងលើកកម្ពស់កម្ពុជានៅក្នុងឆាកតំបន់ និងអន្តរជាតិ។ មន្ត្រីការទូតកម្ពុជាបាននិងបំពេញការងារ និងពង្រឹងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ធ្វើយ៉ាងណា ទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។
នៅក្នុងសុន្ទរកថាបើក លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីបចាំនៅកម្ពុជា បានថ្លែងថា សិង្ហបុរីស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា។ ការវិនិយោគ គ្របតណ្ដប់វិស័យ នានាដូចជា អចលនទ្រព្យ, ថាមពល ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/អ្នកប្រើប្រាស់, ការអប់រំនិងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរមានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្ដាហ៍។ លោកស្រី ឯកអគ្គរដ្ឋទូតក៍បានបន្ថែមទៀតថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើន សេដ្ឋកិច្ចលឿនជាងគេនៅអាស៊ី។ កម្ពុជាបានងើបចេញពីជំងឺរាតត្បាតកូវីដ-១៩ បន្ទាប់ពីបានសម្រេច ដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ដែលមានកម្រិតខ្ពស់ដូចមុន។
ក្នុងសុន្ទរកថាគន្លឹះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក.អ.ក. បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរីដែលបានជ្រើសយកកម្ពុជាក្នុងការបណ្ដាក់ទុន នាពេលកន្លងមក។ លោកបានបន្ថែមថា បរិស្ថានវិនិយោគនៅកម្ពុជាដែលមានភាពអំណោយផល គឺជា មូលដ្ឋានគ្រឹះដ៍រឹងមាំសម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៍ លើសលុបក្នុងវិស័យកសិ- ចំណីអាហារ, សេវាកម្ម និងកម្មន្តសាល ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ បន្ថែមពីតួនាទីសំខាន់របស់ការវិនិយោគសិង្ហបុរីនៅកម្ពុជា និងអំពាវនាវឱ្យមានការវិនិយោគកាន់តែច្រើន ថែមទៀតពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្ដារឡើងវិញ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស។ លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់ន ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុម័តកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលផ្ដល់ការលើកទឹកចិត្តដល់វិនិយោគិនដែលអនុវត្តអភិក្រមប្រតិបត្តិធុរកិច្ចប្រកបដោយការទទួលខុស ត្រូវ និងបរិយាប័ន្នក្នុងការវិនិយោគ និងធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួន។
សិក្ខាសាលានេះ ត្រូវបានរៀបចំ ឡើងក្រោមឆ័ត្រនៃថ្នាល FYIstival របស់សហព័ន្ធធុរកិច្ចសិង្ហបុរី។ បន្ទាប់ពីសិក្ខាសាលានេះ SBF នឹងសម្របសម្រួលកិច្ចប្រជុំផ្គូផ្គងធុរកិច្ចរវាងអ្នកចូលរួម និងវាគ្មិន ដែល ជាសកម្មភាពតាមដានមួយដើម្បីពិភាក្សាបន្ថែមពីការចាប់អារម្មណ៍របស់ធុរជនសិង្ហបុរីនៅកម្ពុជា។
សិក្ខាសាលានាពេលនេះក៍មានការធ្វើបទបង្ហាញពីលោក ដេវីដ ថតតិ . នាយកគ្រប់គ្រងក្រុមហ៊ុន Emerging Markets Consulting, លោក ហាន់ ប៉េងក្វាង នាយកប្រតិបត្តិធនាគារ Wing Bank (Cambodia), និងលោក រិចឆាត សៀ ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Lim Siang Huat ។
គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរីដែលបានអនុម័តដោយ ក. អ.ក. និងកំពុងមានប្រតិបត្តិការមានចំនួន១២៧ គម្រោង ក្នុងវិស័យទេសចរណ៍ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ក្នុងទឹកប្រាក់សរុបប្រមាណ ១,៥៣ ប៊ីលានដុល្លារអាមេរិក។
ព័ត៌មានពីសាវតាររបស់សហព័ន្ធធុរកិច្ចសិង្ហបុរី, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, និង FYIstival សហព័ន្ធធុរកិច្ចសិង្ហបុរី
ជាសភាធុរកិច្ចកំពូល, និងជាស្ថាប័នឈានមុខគេក្នុងការ គាំទ្រផលប្រយោជន៍សហគមន៍ធុរកិច្ចនៅសិង្ហបុរី លើផ្នែកពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងឧស្សាហកម្ម ។ ក្នុងកម្រិតជាតិSBF ធ្វើសកម្មភាពជាស្ពាន តភ្ជាប់រវាងរដ្ឋាភិបាលនិងធុរកិច្ចនៅសិង្ហបុរីដើម្បីបង្កើតបរិស្ថានធុរកិច្ចប្រកបដោយភាពអំណោយផល។ ក្នុងកម្រិតអន្តរជាតិ SBF តំណាងសហគមន៍ធុរកិច្ចក្នុងវេទិកាទ្វេភាគី, តំបន់ និងពហុភាគី ក្នុងគោលបំណង ពង្រីកបណ្ដាញពាណិជ្ជកម្ម និងធុរកិច្ច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.sbf.org.sg ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (ក.អ.ក.) ជាស្ថាប័នប្រតិបត្តិដែលបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។ ក. អ.ក. មានសមត្ថកិច្ចក្នុងការទាក់ទាញ និងការសម្រួលវិនិយោគបរទេសចូលមកកម្ពុជា។ វិនិយោគិនអាចស្វែងរកព័ត៌មានអំពីការវិនិយោគ នៅកម្ពុជា ពាក់ព័ន្ធនឹងកាលានុវត្តន៍ភាពវិនិយោគ វិស័យអាទិភាព ការលើកទឹកចិត្ត ការធានាវិនិយោគច្បាប់និងបទប្បញ្ញត្តិស្តីពីវិនិយោគ គម្រោងវិនិយោគ និងព័ត៌មានចាំបាច់ដទៃទៀតសម្រាប់ការធ្វើសេចក្តី សម្រេចចិត្តរបស់ខ្លួន។
វិនិយោគិនអាចស្វែងរកព័ត៌មានអំពីការទូតសេដ្ឋកិច្ចរបស់កម្ពុជា ការធ្វើធុរកិច្ចនៅកម្ពុជា ការស្នើសុំទិដ្ឋាការអេឡិកត្រូនិក ទំនាក់ទំនងការទូតរវាងកម្ពុជា-សិង្ហបុរី ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសិង្ហបុរី។
FYIstival ដាក់ឱ្យដំណើរការនៅខែសីហា ឆ្នាំ២០២០ ដើម្បីជម្នះការរឹតត្បិតនៃការវិវត្តន៍របស់ធុរកិច្ចក្រៅប្រទេស ក្នុងអំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ FYIstival ជាថ្នាលឌីជីថលចម្បងរបស់ SBF ដោយបាន រចនាឡើងសម្រាប់ចែករំលែកព័ត៌មានទីផ្សារក្រៅប្រទេស និងរៀបចំទំនាក់ទំនងសម្រាប់ក្រុមហ៊ុន ធ្វើ អន្តរជាតូបនីយកម្ម។ តាមរយះថ្នាល FYIstival នេះ SBF មានបំណងធ្វើឱ្យប្រសើរឡើងនូវកំណើន សហគមន៍ឌីជីថលអន្តរជាតិ ដែលធុរកិច្ចសិង្ហបុរីអាចចូលរួម ទាក់ទងជាមួយធុរកិច្ចនៅក្នុងតំបន់ និង ពង្រីកដែនអន្តរជាតួបនីយកម្មរបស់ខ្លួន៕
ដោយ : សុខ ខេមរា