ប៊ីចេងក្លែងក្លាយ ទម្ងន់១៨តោនត្រូវដុតបំផ្លាញចោលនៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប÷ ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និង ក្លែងផលិតផលទំនិញ ដែលត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋានការនគរខេត្តសៀមរាប បានឆែកឆេរត្រួតពិនិត្យ និងដកហូតបាន ចំនួន១៨តោន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ត្រូវបានយកមកធ្វើពិធីដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ស្នងការរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង អធិការនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីរាជការផងដែរ។

តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន បានឲ្យដឹងផងដែរថា វត្ថុតាងទាំងនេះ គឺជាបទល្មើស ក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដោយបានរំលោភទៅលើសិទ្ធបញ្ញា ក្រុមហ៊ុនដែលបានធ្វើការចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ។

ម៉្យាងទៀតវត្ថុតាងទាំងនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការ ដកហូតកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៩កន្លងទៅ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង -ខេត្ត សៀមរាបយកមករក្សាទុកនៅស្នងការនគរបាលខេត្ត ដើមី្បរងចាំការសម្រេចពីតុលាការ ក្នុងការរៀបចំដុតបំផ្លាញចោល ហើយចំពោះបុគ្គលសង័្សយក៏ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តផងដែរ។

លោកឧត្តមសេនីយ៍ទោ ក៏បានបន្តទៀតថា ប៊ីចេងក្លែងក្លាយទាំង១៨តោននេះ សមត្ថកិច្ចក្រុមប្រតិបត្តិការ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការឆេកឆេរត្រួតពិនិត្យជាក់ស្តែង បានរក ឃើញមានការរក្សាទុកសម្ភារៈ វេចខ្ចប់លក់ និងចែកចាយផលិតផល ដែលជាកាបង្កនូវគ្រោះថ្នាក់ មានហានីភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម។

ដល់អ្នកប្រើប្រាស់ ហើយក្រោយពេលនីតិវិធីរបស់ស្ថាបនតុលាការបានចប់សព្វគ្រប់ហើយ ទើបគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សុំធ្វើការរៀបចំដុតបំផ្លាញចោលនៅថ្ងៃនេះ។

លោកក៏បានបញ្ជាក់ថា រាល់បទល្មើសទាំងអស់ យើងគ្រប់រូបត្រូវចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ក្នុងការបង្រ្កាប ទប់ស្កាត់នូវផលិតផលក្លែងក្លាយ ដែលគ្មានស្លាកយីហោត្រឹមត្រូវ និងមិនបានចុះកម្មសិទ្ធបញ្ញានៅក្រសួង ដែលបានធ្វើចរាចរនៅតាមទីផ្សារ ឬ តាមហាង ទីកន្លែងផ្សេងៗទៀត គឺត្រូវធ្វើការបង្រ្កាបឲ្យខាងតែបាន។

ក្នុងនោះលោកក៏បានបញ្ជាក់ទៀតថា គ្រប់សកម្មភាព បទល្មើសទាំងអស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខមាភាពរបស់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចនៅតែធ្វើការបង្រ្កាបឲ្យដូចភ្លៀង រលឹម ហើយក៏មិនខ្លោបខ្លាចជនល្មើសទាំងនោះឡើយ។

តាមការបញ្ជាក់របស់លោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ចំពោះករណីបុគ្គលម្ចាស់ ផលិតផលក្លែងក្លាយនេះ ត្រូវបានសាលាដំបូងខេត្ត ចេញសាលក្រមដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។

ក្នុងនោះដែរតំណាងក្រុមហ៊ុន ដែលជាអ្នកដើមបណ្តឹង បានធ្វើការបកស្រាយបង្ហាញ នូវសារៈសំខាន់ៗនៅលើកញ្ចប់ប៊ីចេងសញ្ញារូបវែក ដើមី្បជាចំណុចសម្គាល់ទៅលើផលិតផលក្លែងក្លាយ និងមិនក្លែងក្លាយសម្រាប់ប្រជាពលរដ្ឋយើងគ្រប់រូបយកទៅប្រើប្រាស់នោះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print