ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានដឹកនាំកម្លាំងចុះត្រួតពិនិត្យទំនិញតាមបណ្តាផ្សារ ផ្ទះលក់ និងចែកចាយទំនិញ ម៉ាត និងផ្សារទំនើបនានាស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុងស្ទឹងសែន ក្រុងបាត់ដំបង ក្រុងព្រះសីហនុ និងស្រុកកោះអណ្តែត ដើម្បីស្វែងរកទំនិញខូចគុណភាព និងទំនិញមិនមានអនុលោមភាពជាដើម។
តាមរយៈលទ្ធផលនៃការអង្កេតតាមតាន និងត្រួតពិនិត្យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រីជំនាញ បានរកឃើញនិងដកហូតនូវទំនិញចម្រុះមិនមានអនុលោមភាព ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ៤១គីឡូក្រាម។
ទំនិញទាំងនោះត្រូវបានយកមករក្សាទុកនៅទីស្នាក់ការរបស់សាខា ដោយនឹងរៀបចំនីតិវិធីបន្តនាពេលក្រោយ និងបានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលបានដាក់លក់ទំនិញមិនមានអនុលោមភាព ដែលផ្ទុយនឹងបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕
ដោយ៖សហការី