មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានករណីកើតជំងឺអុតស្វានៅអាមេរិកកើនឡើងជាង ១០០០នាក់ក្នុងរយៈពេល២៤ម៉ោង ក្លាយទៅជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វាច្រើនជាងគេបំផុតលើពិភពលោក។
តាមការប្រកាសរបស់(CDC) នៅថ្ងៃទី២៧ខែកក្កដា នៅទូទាំងអាមេរិកបានរកឃើញករណីកើតជំងឺអុតស្វាដល់ទៅ១.០៤៨នាក់ សរុបអ្នកកើតជំងឺអុតស្វានៅអាមេរិកកើនឡើងដល់៤.៦៣៩នាក់ឈរលំដាប់ទីមួយនៅលើពិភពលោក។ ក្នុងចំណោមនោះទីក្រុងញូវយ៉កមានករណីកើតជំងឺអុតស្វាច្រើនជាងគេ គឺមានដល់ទៅ១.២២៨នាក់ និងរដ្ឋកាលីហ្វ័រនីញ៉ាមានករណីកើតអុតស្វា៧៩៩នាក់។
ប្រទេសអេស្ប៉ាញឈរលំដាប់លេខពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក គឺមានករណីកើតជំងឺអុតស្វា៣៧៣៩នាក់ ។ នៅលើពិភពលោកវិញមានករណីកើតជំងឺអុតស្វាឡើងដល់១៨ពាន់នាក់ហើយ នៅក្នុង៧៥ប្រទេសជុំវិញពិភពលោក៕ ដោយ ធីរីណា
...
រូបថត : AP