លោកបណ្ឌិត ហ៊ុន ម៉ាណែត : រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងជាងមុន

ចែករំលែក៖

ភ្នំពេញ : លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងជាងមុន។

សូមបញ្ជាក់ថា, ការលើកឡើងដូចនេះត្រូវបានធ្វើឡើងនៅក្នុងពិធី សម្ពោធជាផ្លូវការរោងចក្រផលិតស្រាបៀអ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) នៅក្នុងភូមិស្តៅកន្លែង ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា តាមរយៈព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យឃើញអំពីសក្តានុពលនៃវិស័យវិនិយោគនៅកម្ពុជា ហើយក៏ជាការគាំទ្រដល់ការបោះជំហានទៅមុខនៃចក្ខុវិស័យក្នុងការជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី ”ឧស្សាហកម្មអតិពលកម្ម“ ឈានទៅជា “ឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យា” ដូចមានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល។

លោក បានថ្លែងបន្តថា នៅមុនវិបត្តិកូវីដ-១៩ ក្នុងរវាង២០ឆ្នាំ ចន្លោះឆ្នាំ១៩៩៨-២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុត ដោយរក្សាបានចីរភាពនៃកំណើនជាមធ្យម ៨%។ ដោយឡែកនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់គួរឱ្យកត់សម្គាល់  ដែលបញ្ហានេះបានបង្អាក់ដំណើរនៃការបោះជំហានឆ្ពោះទៅមុខនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរមកលើវិស័យសុខភាពសាធារណៈ។ ទោះជាយ៉ាងនេះក៏ដោយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រមុខ រួមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជា, ធុរជន-វិនិយោគិន, អង្គការជាតិ និងអន្តរជាតិ, ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ទាំងលើការលើការព្យាបាល និងការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងបានឈានដល់ការស្តារស្ថានភាពសង្គម-សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សផងដែរ។ ជាក់ស្តែង ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា មានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅក្នុងឆ្នាំ២០២០ ក៏ដោយ, ប៉ុន្តែបានងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រាប្រមាណខ្ពស់ជាង ៥% នៅក្នុងឆ្នាំ ២០២២។ ចំណែកឯការគ្រប់គ្រងជំងឺកូវីដ-១៩ កម្ពុជាបន្តឈរលើចំណាត់ថ្នាក់ពិភពលោកលំដាប់ទី១ ក្នុងនាមជាប្រទេសដែលជោគជ័យលើការគ្រប់គ្រងការឆ្លង, ការចាក់វ៉ាក់សាំង និងការបើកដំណើរការឡើងវិញផ្នែកសង្គម-សេដ្ឋកិច្ច។ 

ឆ្លងតាមបទពិសោធន៍ដែលជួបប្រទះនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រែក្លាយវិបត្តិឱ្យទៅជាឱកាស តាមរយៈការរៀបចំដាក់ចេញនូវយុទ្ធសាស្ត្រ និងគោលនយោបាយជាបន្តបន្ទាប់ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងជាងមុន ព្រមទាំងពង្រឹងភាពធន់ទៅនឹងវិបត្តិផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។ ជាក់ស្តែង, រាជរដ្ឋាភិបាលបាន  សម្រេចដាក់ឱ្យអនុវត្តនូវ ”ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ដោយឈរលើសសរស្តម្ភចំនួន ៣ ដែលរួមមាន ៖ (១). ការស្តារកំណើនសេដ្ឋកិច្ច ឡើងវិញ, (២). ការកែទម្រង់ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កំណើន, ពិពិធកម្ម និងភាពប្រកួតប្រជែង និង (៣). ការពង្រឹងភាពធនប្រកបដោយចីរភាព និងបរិយាបន្ន។

លោកថា, ការអភិវឌ្ឍប្រទេសមួយប្រកបដោយភាពរឹងមាំ ត្រូវការជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងរស់រវើកពីវិស័យឯកជន។ ជាមួយនឹងការគាំទ្រ និងលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការលើកកម្ពស់បរិយាកាសធុរកិច្ច-វិនិយោគ គឺវិស័យឯកជននៅកម្ពុជា អាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស និងបានដើរតួនាទីជាឆ្អឹងខ្នងនៃខឿនសេដ្ឋកិច្ចជាតិ ដែលអាចចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង

ដោយប្រយោល តាមរយៈបង្កើនចំណូលពន្ធ និងការបង្កើនការវិនិយោគ ដែលអាចបង្កើតការងារជាបន្តបន្ទាប់ និងពង្រឹងភាពប្រកួតប្រជែង ព្រមទាំងលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ   វិស័យឯកជន ក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហា សង្គមផ្សេងៗ ដូចដែលយើងទាំងអស់គ្នាបានឃើញកន្លងមករួចមកហើយ តួយ៉ាងដូចជាការចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាដើម៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print