ភ្នំពេញ : ស្ថានការណ៍តំបន់និងពិភពលោកមិនថមថយកំដៅសោះ ខណៈដែលកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលមានការចូលរួមរហូតដល់ទៅ៣៨ប្រទេសចាប់ពីថ្ងៃស្អែកទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ទីក្រុងភ្នំពេញ។ នេះជាលើកឡើងពី លោក ពុយ គា អ្នកឆ្លើយឆ្លង កាសែត ព្យូដូ និងជាអ្នកនិពន្ធអត្ថបទ ជើងចាស់ ប្រកប វិជ្ជាជីវៈ ។
លោកបន្តថា, នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ថា, កាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ បញ្ហាសមុទ្រចិនខាងត្បូងបានក្លាយជាដុំភ្លើងដ៏ក្តៅស្ទើររលួយ ដោយឡែកឆ្នាំនេះ បញ្ហាសមុទ្រចិនខាងត្បូងមិនក្តៅដូចកាលឆ្នាំ២០១២ទេ ប៉ុន្តែលេចចេញបញ្ហាភូមា រឿងកោះតៃវ៉ាន់ជាមួយចិន សង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្សុី បន្ថែមលើជំងឺរាតត្បាតកូវីដដែលមិនទាន់ចប់នៅឡើយ។ ទោះជាមានបញ្ហាក្តៅច្រើនជាងមុន ខ្ញុំយល់ថាវាក៏ជាឱកាសរបស់កម្ពុជាដែលនឹងក្លាយជាទីកន្លែងសម្រាប់កិច្ចការក្រៅឆាក និងក្រោយឆាករបស់ភាគីពាក់ព័ន្ធនិងតួនាទីរបស់កម្ពុជា ជាអ្នកសម្របសម្រួល។ តួអង្គសំខាន់ដែលគួរតាមដានគឺរដ្ឋមន្រ្តីការបរទេស៖ រុស្សុី អាម៉េរិក ចិន ជប៉ុន ឥណ្ឌានិងអូស្រ្តាលី នៅកម្ពុជា។ ហើយតើថ្នាក់ដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំទាំងនោះនឹងរកដំណោះស្រាយយ៉ាងដូចម្តេចរឿងភូមា? ចុះរុស្សុីវិញនឹងត្រូវបានគេព្រួតគ្នាវាយប្រហារដែរឬទេ? រុស្សុីឆ្លើយយ៉ាងដូចម្តេច? មានប្រទេសណាជួយរុស្សុីទេ? …៕
ដោយ : សិលា