រថយន្តកូរ៉ូឡាពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបាក់ខ្ទាតចេញពីជួរអស់២កង់នៅខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាហើយបានបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យបាក់បែកខ្ទាតចេញពីជួរអស់២កង់ រីឯរថយន្តខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ហើយអ្នកបើកបានគាបជាប់ក្នុងកាប៊ីនត្រូវបានប្រជាពរដ្ឋជួយគាស់យកចេញឃើញរងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្ដដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2J-0347 ធ្វើដំណើរពីត្បូងទៅជើងដោយបោះពួយយ៉ាងលឿន។ ខណៈបើកមកដល់ចំណុចកើតហេតុខាងលើរថយន្តនេះបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់បែកខ្ទាតចេញពីជួរអស់២កង់ រីឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ ដោយឡែកម្ចាស់រថយន្តបានគាបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញមកខាងក្រៅរងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print