រឿងព្រេងទាក់ទងនឹងទំនៀមដាក់ប្រាក់កាក់ក្នុងបុគ្គលស្លាប់
មានរឿងបុរាណដំណាលតៗគ្នាមកថា មានបុរសម្នាក់នៅជាមួយប្រពន្ធតាំងពីក្មេងដល់ចាស់ ខំរកស៊ីធ្វើការបានសល់មាសមួយបាតតែគ្មានកូនសោះ។ ប្ដីប្រពន្ធនេះបានផ្ដាំគ្នាទៅ វិញទៅមកថា (បើអ្នកណាស្លាប់មុនត្រូវយកមាសនេះដាក់ក្នុងមាត់អ្នកនោះ)។ ចំណេរតមកមិនយូរប៉ុន្មានប្ដីស្លាប់ទៅ ប្រពន្ធក៏យកមាសដាក់ក្នុងមាត់ខ្មោចប្ដី ហើយយកខ្មោចប្ដីទៅធ្វើបុណ្យបូជា។ ខ្មោចត្រូវភ្លើងឆេះអស់ ឯមាសវិញត្រូវភ្លើងឆេះរលាយនៅសល់តែ៣ស្លឹង។ សម័យមួយព្រះមហាក្សត្រព្រះអង្គលោកមានចិត្តលោភគ្របសង្កត់ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាតជាកំហិត។ យាយប្រពន្ធរបស់ខ្មោចតានោះ ភ័យក៏យកមាស៣ស្លឹង ដែលគាត់រើសទុកនោះទៅថ្វាយព្រះមហាក្សត្រ ហើយក្រាបទូលថា “ក្រាបទូលព្រះករុណា! មាសនេះពីដើមនេះពេញមួយបាទតែខ្ញុំម្ចាស់យកទៅដាក់ក្នុងមាត់ប្ដី ពេលដែលស្លាប់តែប្ដីខ្ញុំម្ចាស់យកទៅពុំបាន ក៏ត្រូវភ្លើងឆេះអស់ខ្លះទៅ នៅសល់តែប៉ុណ្ណេះសូមព្រះករុណាមេត្តាដល់សត្វទាល់ក្រផង ខ្ញុំព្រះអង្គទាល់មធ្យោបាយនឹងទៅរកមាសឯណាឲ្យគ្រប់ចំនួនថ្វាយព្រះអង្គពុំបានឡើយ”។ ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ក៏កើតធម្មសង្វេគស្លុតព្រះទ័យ ទើបទ្រង់ប្រកាសឲ្យលើកលែងការរៃយកមាសអំពីបណ្ដារាស្ត្រតទៅទៀត។
អាស្រ័យរឿងនេះទើបបណ្ដារាស្ត្រទាំងអស់យល់ថា ប្រាក់ ឬមាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់ សូម្បីព្រះមហាក្សត្រក៏ចុះចាញ់អនុភាពនេះដែរ។ មួយទៀតអានុភាពប្រាក់ឬមាសដែលបង់ក្នុងមាត់ខ្មោច ជាវត្ថុស័ក្ដិសិទ្ធិ អាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន។ ហេតុដូច្នេះឯងទើបគេនាំគ្នាធ្វើរបៀបនេះជារៀងរាបរហូតកើតទៅជាទំនៀមទម្លាប់មក។
ប៉ុន្តែអ្នកប្រាជ្ញពីបុរាណ ដែលឲ្យយកមាស ឬប្រាក់ដាក់ក្នុងមាត់ខ្មោច គឺដើម្បីជាប្រស្នាឲ្យពិចារណាថា ” សម្បត្តិទាំងអស់យើងអាចយកដាក់នឹងខ្លួនតែក្នុងវេលាមានជីវិត កាលបើស្លាប់ហើយយើងមិនអាចយកទៅបានទេ” ។ រឿងនេះឯងបានជាជាប់ជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃនេះ៕
ពិនិត្យស្រាវជ្រាវតាមសៀវភៅរឿងព្រេងខ្មែរ ភាគទី ៩ ដោយចៅតាជេត