សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ : នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូក្នុងការប្រារព្ធខួបទី ៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយជាការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ។ សម្ដេចតេជោសង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងរណសិរ្សទាំងពីរ ។

ជាការឆ្លើយតប លោក ដុ វ៉ាន់ចៀន បានសំដែងសេចក្ដីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ចនាពេលនេះព្រោះជាឱកាសល្អក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រណសិរ្ស និងបក្ស ហើយដែលក្នុងឱកាសនោះ លោក បាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ពីប្រធានបក្ស ពីប្រធានាធិបតី ពីនាយករដ្ឋមន្ត្រីវៀតណាម ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាមួយគ្នាដែរ លោក ដុ វ៉ាន់ចៀន ក៏បានជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ឧដុង្គឧត្តមថែមទៀត។ ជាមួយគ្នានេះដែរ លោក ក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ កន្លងមកនេះ ដែលបានទទួលជោគជ័យត្រចះត្រចង់ ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា នឹងជូនពរឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ថែមទៀត នៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។
លោក ដុ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផលការប្រសើរ បានបើកប្រទេសឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការនាំការសួរសុខទុក្ខពីនាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំប្រទេសវៀតណាមដទៃទៀត ចំពោះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា អរគុណចំពោះការអបអរសាទរ ក្នុងការបោះឆ្នោតឃុំសង្កាត់កន្លងមក ក៏ដូចជាការជូនពរសម្រាប់ជោគជ័យ នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ ២០២៣ ខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងល្អប្រសើររបស់ប្រទេសយើងទាំង២ រវាងគណៈបក្សទាំង២ ក៏ដូចជារណសិរ្ស នៅក្នុងនោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងពីរភាគបី នៃរយៈពេលទំនាក់ទំនងការទូត ៥៥ឆ្នាំនេះ ដែលទាំងនេះ បង្ហាញពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាភាគីវៀតណាម ក្នុងការប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់មានអរិយភាព ឱ្យក្លាយទៅជាតំបន់ ដែលមានសន្តិភាពសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរ បានប្រកបរបររកស៊ីជាមួយគ្នា ដែលធ្វើឱ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានកើនឡើងជាលំដាប់ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងការពេញចិត្តចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាននូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព មានព្រំដែនស្ថេរភាព បង្កងលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា បំពេញឱ្យគ្នាពិសេស ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ នេះ យើងប្រែក្លាយការលំបាកទាំងអស់នេះ ឱ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម អោយបានល្អប្រសើរថែមទៀត ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាភាគីវៀតណាម បានរម្លឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេសសម្ដេច រំលឹកពីដំណើរតស៊ូរបស់សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់ ។

នៅក្នុងឆ្នាំខាងមុខនេះ ជាខួបទី ៤៥ឆ្នាំ នៃការបង្កើតកងទ័ពកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងក្រសួងពាក់ព័ន្ធ នឹងរៀបចំឱ្យមានការធ្វើមាតុភូមិនិវត្តន៍នៃអដ្ឋិធាតុយុទ្ធជនកម្ពុជា ចំនួន ៤៩ ដែលនៅសេសសល់ បានវិលត្រឡប់មកកាន់មាតុភូមិរបស់កម្ពុជាយើងវិញ ។

ក្នុងកិច្ចសន្ទនានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរវៀតណាម ដែលបានគ្រប់គ្រងបានល្អនូវការឆ្លងរាលដាលជំងឺកូវីដ រហូតមកដល់ពេលនេះ នៅប្រទេសវៀតណាម បានថយចុះនូវការឆ្លងថ្មីគួរឱ្យកត់សម្គាល់ ។ សម្តេចតេជោក៏បានឆ្លៀតឱកាសនេះ អបអរសាទរចំពោះការប្រទេសវៀតណាម ដែលបានរៀបចំកីឡាស៊ីហ្គេមបានល្អប្រសើរ ដែលផ្ដល់ឱកាសឲ្យកម្ពុជា បានទទួលមេដាយច្រើន ហើយនឹងទទួលបានបទពិសោធន៍សម្រាប់ការរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខនេះ។ សម្ដេចតេជោ បានសំដែងសេចក្ដីសង្ឃឹមថា ទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅពេលនេះ គឺចំពេលដ៏ល្អ ដែលអាចឲ្យបំពេញការងារប្រាស្រ័យទាក់ទងបានយ៉ាងទូលំទូលាយ ។

ជាចុងក្រោយ ប្រធានគណៈប្រតិភូវៀតណាម បានជូនពរសម្ដេច សូមសម្ដេចមានសុខភាពល្អ ហើយនិងជូនពរសម្រាប់ភាពជោគជ័យរបស់សម្ដេច ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២នេះ និងសូមជូនពរឲ្យកម្ពុជាបានទទួលជោគជ័យ នៅក្នុងការរៀបចំស៊ីហ្គេមនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ប្រកបដោយជោគជ័យ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យលោកជួយពាំនាំនូវការសួរសុខទុក្ខនិងជូនពរជូនចំពោះថ្នាក់ដឹកនាំវៀតណាម មានអគ្គលេខាធិការបក្ស, លោកប្រធានាធិបតី, ឯកឧត្តមនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អជន្មាយុយឺនយូរ ដើម្បីបន្តធ្វើការសហប្រតិបត្តិការជាមួយគ្នាបានល្អប្រសើរតទៅទៀត ដើម្បីផលប្រយោជន៍នៃប្រទេសរបស់យើងទាំងពីរ ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print