ភ្នំពេញ : ក្រសួងបរិស្ថាន ពី( Credit: Kindness Back ) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានលើកពី ទឹកធ្លាក់សុភមិត្ត ឬទឹកជ្រោះព្រះនិមិត្ត តាមដងទន្លេមេគង្គកម្ពុជាលើ ស្ថិតនៅជិតព្រំដែននៃប្រទេសកម្ពុជា និងឡាវ ហើយមានទីតាំងស្ថិតក្នុងឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឬស្ថិតនៅឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ពីព្រោះទឹកធ្លាក់នេះជាប់ព្រំប្រទល់រវាងខេត្តពីរនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ហើយជាប់ព្រំប្រទល់ជាមួយខេត្តចំប៉ាសាក់ ប្រទេសឡាវ និងចម្ងាយប្រហែល៦០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង ធ្វើដំណើរតាមផ្លូវលំគ្រួសក្រហម ។
ក្រសួងបរិស្ថានបន្តថា, ទឹកធ្លាក់សុភមិត្ត ជាកន្លែងដែលទឹកទន្លេមេគង្គបានហូរធ្លាក់យ៉ាងគំហុកកាត់តាម ថ្មដាដែលមានកំពស់រហូតដល់២៦ ម៉ែត្រ។ នៅរដូវវស្សាពេលកំរិតទឹកទន្លេបន្តឡើងខ្ពស់ដល់ចំណុចអតិបរមា ល្បឿនទឹកហូរមានកំលាំងខ្លាំងជាទីបំផុតបង្កើតបានជាផ្ទាំងទស្សនីយភាពជាផ្សែងអ័ព្ទនៃទឹកពេញនភាល័យ។ ចំណែកនៅរដូវប្រាំងវិញល្បឿននៃទឹកហូរធ្លាក់មានការថមថយមកនៅ ត្រឹមចន្លោះផ្ទាំងថ្មរដិប រដុបដែលយើងអាចមើលឃើញដុំថ្មខ្លះមានរាងជាដុំពក ទាល និងស្រួចតាមធម្មជាតិ ធ្វើឱ្យផ្ទៃលំហនៃទីតាំងទឹកធ្លាក់នោះបានក្លាយជាទីវាលថ្មចំរុះពណ៌គួរជាទីគយគន់ក្រៃលែង ៕
ដោយ : សហការី