ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសសេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមអានខ្លឹមសារលិខិតជូនដំណឹងបន្ថែមខាងក្រោម។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ដែលទទួលបាននៅ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងគ្រប់ស្ថាប័ន ឬភ្នាក់ងារហិរញ្ញវត្ថុ ដែលមានពាក់ព័ន្ធនឹងក្បាលដ៏ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជ្រាបថា ៖ ដើម្បីអនុវត្តតាម ខ្លឹមសារនៃអនុក្រឹត្យ និងយោងខាងលើ គណៈកម្មការរដ្ឋបាលនឹងប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិចំការហ្លួង ភូមិបឹងត្រាច និងភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានកំណត់ជាតំបន់ធ្វើការ វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ព្រមទាំងគ្រប់មន្ទីរ អង្គភាព និងស្ថាប័នដែលមាន ការពាក់ព័ន្ធនឹងក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យខាងលើនេះ មេត្តាចូលរួមចុះបញ្ជីដីក្នុងតំបន់ធ្វើការវិនិច្ឆ័យអោយ បានគ្រប់ៗគ្នា។គណៈកម្មការរដ្ឋបាលនឹងធ្វើការពន្យល់ណែនាំ ស្តីពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ច្បាប់ភូមិបាល និងឆ្លើយរាល់សំណួរទាក់ទងនឹងដំណើរការចុះបញ្ជីដីធ្លី។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជនដែលជា អ្នកកាន់កាប់ដីជាក់ស្ដែង ព្រមទាំងគ្រប់មន្ទីរ អង្គភាព គ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងតំបន់វិនិច្ឆ័យ ខាងលើ នឹងចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួនពាក់ព័ន្ធការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងផុលផុសមិនខាន។) ៕
ដោយ : សិលា