លោក គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ”

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

លោក ម៉ុក សារឿន ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពរបស់ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមនខ្ញុំ” ខេត្តព្រះសីហនុ យោងតាមលិខិតលេខ១០១៦ អយក.គម ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីកម្មវិធីប្រកួតប្រជែងគម្រោង “ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ ហៅកាត់(VMC)” មាន ០៣ក្រុម ចំនួន១៥នាក់ ស្រី០៧នាក់។ ក្នុងនោះមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅខេត្តសៀមរាប ស្តីពី “ការអនុវត្តគម្រោង ការស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” ក្នុងចំណោម២៥រាជធានី-ខេត្ត ផ្តោតលើប្រធានបទចំនួន៨ គឺ៖ អប់រំ សុខាភិបាល សេវារដ្ឋបាល ទេសចរណ៍ បរិស្ថាន សហគ្រិនភាព កសិកម្ម និងបរិបទបដិវត្តឧស្សាហកម្ម៤.០ ដើម្បីឱ្យយុវជនជ្រើសរើសគម្រោងដែលក្រុមពេញចិត្ត និងចូលរួមអនុវត្តក្នុងមូលដ្ឋានខេត្តរបស់ខ្លួន រយៈពេល០៤ខែ ហើយត្រូវវាយតម្លៃជ្រើសរើសគម្រោងឆ្នើមប្រចាំខេត្ត ដើម្បីចូលរួមប្រកួតប្រជែងគម្រោងឆ្នើមថ្នាក់ជាតិ ជ្រើសរើសយកក្រុមជ័យលាភីផ្តាច់ព្រ័តចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយ “យុវជនស្ម័គ្រចិត្ត ដើម្បីសហគមន៍ខ្ញុំ” ខេត្តព្រះសីហនុ ទាំង០៣ក្រុម និងបានស្តាប់បទបង្ហាញរបស់ក្រុមនីមួយៗ។ ព្រមទាំងពាំនាំផ្តាំផ្ញើសួរសុខទុក និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានកោតសរសើរពីភាពក្លាហាន នៃកម្រិតយល់ដឹង និងប្រធានបទ អប់រំ បរិស្ថាន និងទេសចរណ៍ យុវជនរបស់យើងមានឱកាសចែករំលែកបទពិសោធន៍ និងជាមោទនភាពរបស់យុវជនស្ម័គ្រចិត្តរួមគ្នាធ្វើកិច្ចការជាផ្នែកមួយនៃបំណិនជីវិត ដើម្បីបង្កើនការយល់ដឹងហ្វឹកហាត់ធ្វើឱ្យក្មួយៗមានភាពឈ្លាសវៃ និងចូលរួមគាំទ្របទពិសោធន៍ពីគ្នាទៅវិញទៅមក។ ប្រធានបទអប់រំទាក់ទងនឹងវិស័យសុខាភិបាល ក្នុងបរិបទបច្ចុប្បន្ន យើងឆ្លងកាត់សង្គ្រាមកូវីដដែលកំពុងស្ថិតនៅក្នុងសមភូមិនៅឡើយ។ ប្រធានបទបរិស្ថាន នៅខេត្តព្រះសីហនុ បញ្ហាអនាម័យបរិស្ថាន សម្តេចតេជោបានផ្តល់ហិរញ្ញវត្ថុ និងធនធានមនុស្សជួយគាំទ្រសម្អាតបរិស្ថាន សម្រាប់សក្តានុពលខេត្តព្រះសីហនុ គឺឆ្នេរសមុទ្ររបស់យើងបានធ្វើការកែលម្អជាបន្តបន្ទាប់ បញ្ហាសំរាមនៅតែជាបញ្ហា។ ប្រធានបទទេសចរណ៍ ដែលជាសសៃឈាមនៃសេដ្ឋកិច្ច ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមផងដែរ។
លោកអភិបាលខេត្តបានបន្តថា សម្រាប់ភាពជោគជ័យការងារ ទាមទាររៀបចំផែនការ ការចាត់តាំងអនុវត្តភាពជាអ្នកដឹកនាំ ទទួលបានភាពជោគជ័យ ដូច្នេះភាពជោគជ័យ នៃការប្រឡងប្រណាំង គឺដើម្បីខេត្តព្រះសីហនុរបស់យើងនាពេលខាងមុខនេះ និងជាគំរូសម្រាប់យុវជនយើងជំនាន់ក្រោយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត នាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនយុវជនទាំង០៣ក្រុម ក្នុងមួយក្រុមទទួលបាន២លានរៀល លោកគ្រូ អ្នកគ្រូ១៧នាក់ ម្នាក់ៗ៥ម៉ឺនរៀល និងសិស្សានុសិស្ស ៦០នាក់ ម្នាក់ៗ ២ម៉ឺនរៀល៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print