ភ្នំពេញ : សេចក្តីថ្លែងការណ៍ របស់យុវជនគណបក្សថា្នក់កណ្ដាល
យើងខ្ញុំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា លើការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ ដែលធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់នូវ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលប្រជាជនកម្ពុជាបង្ហាញឆន្ទៈ និងប្រើសិទ្ធិអំណាចរបស់ខ្លួន តាមរយៈការបោះឆ្នោត ស្របតាមគោលការណ៍ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមានរបស់ជាតិ។ ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញនេះ ក៏ដូចជាការធ្វើវិសោធនកម្មទាំង៩ លើកកន្លងទៅ គឺសុទ្ធតែបានធ្វើឡើង ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេស ការបំពេញចន្លោះ ខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងការធានាឱ្យស្ថាប័នរបស់រដ្ឋមានកិច្ចដំណើរការប្រព្រឹត្តទៅដោយរលូន មិនជាប់គាំង និងធានាបាននូវនិរន្តរភាពនៅគ្រប់កាលៈទេសៈទាំងអស់។ ម្យ៉ាងវិញទៀត ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើក ទី១០ ធានាឱ្យប្រទេសជាតិមានស្ថេរភាពនយោបាយ មានការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើ គ្រប់វិស័យ ដែលជាតម្រូវការរបស់ប្រទេសជាតិ និងជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាទាំងមូល។
ឆ្លៀតក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិ មួយចំនួន ដែលបានលើកឡើងនូវគំនិតទុទិដ្ឋិនិយមចំពោះការផ្តួចផ្ដើមក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានាប្រក្រតីភាពនៃស្ថាប័នជាតិនាពេលនេះ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ មិនត្រឹមត្រូវតាមខ្លឹមសារពិតប្រាកដនៃសំណើវិសោធនកម្មនាពេលនេះ ហើយជាការលើកឡើង ដែលមានចរិតជាការបំភ្លៃការពិត ខុសពីខ្លឹមសារពិតប្រាកដទាំងស្រុងនៃសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើក ទី១០ នេះ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើក ទី១០ នេះ និងមានសេចក្តីសង្ឃឹមប្រកបដោយគំនិតសុទិដ្ឋិនិយម និងទស្សនាទានវិជ្ជមានថា គ្រប់ស្ថាប័នជាតិ ទាំងអស់ នឹងបន្តអនុវត្តយ៉ាងពេញលេញនូវរដ្ឋធម្មនុញ្ញ ជាពិសេសបន្តគាំទ្រ និងចូលរួមថែរក្សាការពារសុខ សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិក្ខុលកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថេរភាពនយោបាយ ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕
ដោយ : សិលា