មន្រ្តី ក.ប.ប. បន្តអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងស្រាវជ្រាវរកផលិតផលមី និងការ៉េម ដែលសង្ស័យមានផ្ទុកសារធាតុគីមីហាមឃាត់ និងទំនិញមិនមានអនុលោមផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងន័យទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋពីការបរិភោគ ចំណីអាហារដែលគ្មានសុវត្ថិភាព ឬមានផ្ទុកសារធាតុគីមីហាមឃាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ​នេះ មន្រ្តីជំនាញសាខារបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចំនួន ១១រាជធានី ខេត្ត គឺមានខេត្តតាកែវ, ខេត្តព្រះវិហ៊ា ,ខេត្តព្រៃវែង ,ខេត្តកំពង់ចាម ,ខេត្តស្ទឹងត្រែង ,ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង ,ខេត្តត្បូងឃ្មុំ ,ខេត្តឧត្តរមានជ័យ ,ខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ បានបន្តចេញប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្តាផ្សារមិនរៀបរយ ផ្សារទំនើប និងបណ្តាផ្ទះលក់ទំនិញនានា នៅទូទាំងប្រទេស។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីស្រាវជ្រាវរកផលិតផលមី និងការ៉េម ដែលសង្ស័យមានផ្ទុកសារធាតុ គីមីហាមឃាត់ និងទំនិញដែលមិនមានអនុលោមភាពផ្សេងៗ ស្របទៅតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងស្របតាមវិធានការចំនួនពីរដែល លោកបានដាក់ចេញឱ្យមន្រ្តីក្រោមឱវាទអនុវត្ត គឺ៖

(១), ធ្វើលិខិតស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានវិធានការ ដើម្បីណែនាំដល់ក្រុមហ៊ុននាំចូលនានា ដែលមានពាក់ព័ន្ធនឹងការនាំចូលផលិតផល ដូចបានរៀបរាប់ខាងលើ ដោយតម្រូវឱ្យភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការ វិភាគអវត្តមាននៃសារធាតុអេទីឡែន អុកស៊ីត (Ethylene Oxide) ពីស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៃប្រទេសនាំចេញ។

(២), បញ្ជាកម្លាំងមន្ត្រីជំនាញក្រោមឱវាទ ឱ្យចុះត្រួតពិនិត្យតាមបណ្តាឃ្លាំងស្តុក បណ្តាផ្សារមិនរៀបរយ ផ្សារទំនើប និងផ្ទះលក់ទំនិញ នៅគ្រប់រាជធានី ខេត្ត ដើម្បីស្វែងរកផលិតផល ទាំង៣ ប្រភេទដែលត្រូវបានអាជ្ញាធរ សុវត្ថិភាពម្ហូបអាហារនៃប្រទេសសឹង្ហបុរី បានចាត់វិធានការប្រមូលត្រឡប់មកវិញ។

(ជាលទ្ធផល)៖ពុំបានរកឃើញផលិតផលមី និងការ៉េម ដែលមាន Batch Code SGB6 និង Best Before Date ដូចមាននៅក្នុង សេចក្តីជូនដំណឹងចរាចរនៅក្នុងទីផ្សារប្រទេលកម្ពុជាឡើយ។

ដោយឡែកមន្រ្តីជំនាញបានរកឃើញ និងដកហូតនូវទំនិញមិនមានអនុលោមភាពចំនួន ១៦៤គីឡូក្រាមយកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធី។

គួររំលឹកផងដែរថា ការចុះត្រួតពិនិត្យនេះ គឺបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងតាមប្រព័ន្ធ ផ្ដល់ព័ត៌មានរហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់អាស៊ាន (ARASFF) អំពីការរកឃើញវត្តមានសំណល់សារធាតុអេទីឡែន អុកស៊ីត (Ethylene Oxide) នៅក្នុងផលិតផលមីពីប្រភេទ និងការ៉េមមួយប្រភេទ និងត្រូវបានអាជ្ញាធរ សុវត្ថិភាពម្ហូបអាហារនៃប្រទេសសឹង្ហបុរី បានចាត់វិធានការប្រមូលត្រឡប់មកវិញ ផលិតផលទាំងនោះចេញពីទីផ្សារផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print