សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដាថា អាជ្ញាកណ្តាលសញ្ជាតិអ៊ុយក្រែនលោកស្រីKateryna Monzul ត្រូវបានតែងតាំងឱ្យធ្វើជាប្រធានការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូស្ត្រីនៅថ្ងៃអាទិត្យរវាងអង់គ្លេស និងអាល្លឺម៉ង់នៅកីឡដ្ឋាន Wembley ។
លោកស្រី Monzul វ័យ៤១ឆ្នាំរូបនេះបានធ្វើជាអាជ្ញាកណ្តាលអន្តរជាតិតាំងពីឆ្នាំ២០០៤ ហើយបានចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកស្ត្រីចំនួន៣រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៥ រវាងសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។
លោកស្រីបានបង្កើតប្រវត្តិសាស្ត្រក្នុងឆ្នាំ២០១៦ នៅពេលដែលលោកស្រីបានក្លាយជាអាជ្ញាកណ្តាលស្ត្រីដំបូងគេក្នុងប្រទេសអ៊ុយក្រែនដែលទទួលបន្ទុកការប្រកួតផ្នែកបុរសដែលជាការប្រកួតរវាងក្រុម Chornomorets Odesa និងក្រុម Volyn Lutsk ។
ជំនួយការរបស់លោកស្រី Monzul នឹងក្លាយជាមិត្តរួមជាតិអ៊ុយក្រែន Maryna Striletska និង Paulina Baranowska មកពីប្រទេសប៉ូឡូញ។ មន្ត្រីទី៤នឹងក្លាយជាអាជ្ញាកណ្តាលជនជាតិបារាំងលោកស្រី Stephanie Frappart ។
គួរបញ្ជាក់ថា លោកស្រី Monzul គឺជាអាជ្ញាកណ្តាលស្ត្រីដំបូងគេដែលដឹកនាំការប្រកួតបុរសអង់គ្លេសក្នុងជ័យជំនះ ៥–០ វគ្គជម្រុះWorld Cup លើក្រុមអង់ដូរ៉ាកាលពីខែតុលា ឆ្នាំ២០២១ ៕ (រូបភាព ៖ Reuters/CNA)