ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែសីហាឆ្នាំ២០២២លោកស្រី ហង់ វុត្ថា នាយិកា មជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរសាឡន បានដឹកនាំលោកគ្រូ អ្នកគ្រូជំនាញ នៃមជ្ឃមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡនរបស់ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.ក បង្រៀនដល់យុវតី យុវជន សិស្សសិក្សាផ្នែកសាឡន នៅហាងសាខាស្នាដៃនារីខ្មែរសាឡន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សូមបញ្ជាក់ថា ការបើកវគ្គបង្រៀននៅទីតាំងសាខាស្នាដៃនារីខ្មែរសាឡន ក្រុងតាខ្មៅ ក៏មានការអញ្ជើញចូលរួមពី ចៅសង្កាត់តាខ្មៅលោក ជៀម ខូយ , ក្រុមប្រឹក្សាសាលាសង្កាត់តាខ្មៅលោក ញែម វុទ្ធី , មេភូមិតាខ្មៅ លោក ឌុល គោ ដែលមានទីតាំងស្ថិតនៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកស្រី ហង់ វុត្ថា នាយិកាសហគ្រាសមជ្ឃមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡនរបស់ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.ក បានថ្លែងថា ការបង្រៀនផ្នែកផាត់មុខគឺក្នុងគោលបំណងលើកកម្ពស់ឱ្យបងប្អូនដែលជានារីៗទាំងអស់ដើម្បីឱ្យគាត់ទទួលបាននូវចំណេះដឹង ជំនាញ ឱ្យគាត់យល់ដឹងពី ប្រយោជន៍មានចំណូលបន្ថែម កាត់បន្ថយភាពក្រីក្រ និងជួយឱ្យគាត់មានសមត្ថភាពធ្វើការបានគ្រប់គ្រាន់ បម្រើសេវាជូនអតិថិជន។ លោកស្រីបន្តថា ចំពោះការបង្រៀននេះ ក៏ចែកជូនអាហារ ទឹក ពេលថ្ងៃត្រង់ ពិសេសការបង្រៀននេះដោយមិនយកប្រាក់ពីសិក្ខាកាមឡើយ។ លោកស្រី ហង់ វុត្ថា បានលើកឡើងថា កម្មវិធីបង្រៀននេះ លោកស្រីត្រេកអរ ខណៈដែលមានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ លោកក្រុមប្រឹក្សាសង្កាត់ មេភូមិតាខ្មៅ ដែលពួកគាត់គាំទ្រយ៉ាងពេញមួយទំហឹងចំពោះ ស្នាដៃនារីខ្មែរសាឡន បានដឹកនាំលោកគ្រូ អ្នកគ្រូជំនាញនៃមជ្ឃមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន របស់ក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.ក មកបង្រៀនដល់យុវតី យុវនារី យុវជនដែលជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ គឺជាការចូលរួម លើកកម្ពស់ លើកជំនាញផ្នែកសាឡន ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋរបស់គាត់ទទួលបានចំណេះដឹង ទៅប្រកបមុខរបរទទួលបានប្រាក់កម្រៃ សម្រាប់ដោះស្រាយជីវភាពគ្រួសារ ក៏ដូចជាមានការរីកចម្រើនទៅមុខ។ អាជ្ញាធរភូមិ សង្កាត់ និងក្រុមប្រឹក្សាបានចាត់ទុកថា ការបង្រៀននៅថ្ងៃនេះគឺជាការជួយ, ជាមួយនឹងអាជ្ញាធរមូលដ្ឋានរបស់គាត់ ដើម្បីមានការអភិវឌ្ឍ ការជួយដល់សង្គម លើកកម្ពស់បងប្អូននារីនៅក្នុងមូលដ្ឋាន អ្វីដែលអាជ្ញាធរពេញចិត្តបំផុតនោះ គឺខាងក្រុមហ៊ុនស្នាដៃសាឡនបានចូលមកអភិវឌ្ឍន៍នៅក្នុងទឹកដីរបស់គាត់ និងសូមឲ្យការបង្រៀននេះបន្ត រៀបចំជាវគ្គថ្មីៗទៀត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់គាត់មានឱកាសមកក្រេបជញ្ជក់យកមុខជំនាញទាំងអស់នេះទៀត។
លោកស្រី ហង់ វុត្ថា បានថ្លែងផងដែរថាលោកស្រីក៏រីករាយចំពោះការស្វាគមន៍របស់អាជ្ញាធរមូលដ្ឋានដែលបានយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងនៃដែនដីរបស់គាត់ លោកស្រីពេញចិត្តក្នុងការសហការដើម្បីប្រយោជន៍រួមដល់បងប្អូន ផ្ដល់ឱ្យគាត់មានចំណេះដឹង រកចំណូលសម្រាប់ជីវភាពគ្រួសារ និងបង្កើនការអភិវឌ្ឍស្នាដៃមុខវិជ្ជាថ្មីៗជាដើម។ លោកស្រីបានបន្តថា ពេលបញ្ចប់វគ្គបង្រៀនផាត់មុខ លោកស្រីនិងក្រុមការងារឯកទេសនឹងវាយតម្លៃអំពីគុណភាពនៃការសិក្សា ដើម្បីផ្ដល់លិខិតបញ្ជាក់ការសិក្សាជូនទៅដល់ពួកគាត់ ៕
ដោយ៖សុខ ខេមរា