ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៥នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នានៅក្រុងស្វាយរៀងនិងស្រុករំដួល។
តាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ទី១បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅលើ
ផ្លូវជាតិ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥និងលេខ១៦ ត្រង់ចំណុចភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង
ដោយមានស្ត្រីម្នាក់ឈ្មោះ ភារី ស្រីពៅ អាយុ២០ឆ្នាំ មុខរបរធ្វើការធនាគារឯកជន
រស់នៅភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១E-៤៣៧៥ ក្នុងទិសដៅពីជើងទៅត្បូងហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានឈ្មោះ យ៉ុង ផល្លី ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រនិងអ្នករួមដំណើរឈ្មោះយិន ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥មិនចាំស្លាកលេខជាន់ហ្វ្រាំងមិនទាន់ក៏បុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នករងរបួសទាំង៣នាក់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៤និង៥២នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៩និងលេខ១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១D- ២៧៦៦ បើកបរដោយឈ្មោះ កែវ សាខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរលេងភ្លេងការ រស់នៅភូមិឃោសាង សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ធ្វើដំណើរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព ហើយក៏បានបត់ឆ្វេងមិនប្រយ័ត្នទៅបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O-៩៤២៦ បើកបរដោយឈ្មោះ បន រ៉ារតនៈ ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចេកជ្រំ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្ត ស្វាយរៀង បើកបរពីលិចទៅកើត បញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ស្រាលទាំងសងខាង។
ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ សុថាន