ភ្នំពេញ : នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ លោក NAM Sung-hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ នៅទីស្តីការ Forest Vision Center (Seoul City)។ ជំនួបមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរ។
មានមតិស្វាគមន៍ លោក NAM Sung-hyun បានរាយការណ៍ជូនគណ:ប្រតិភូកម្ពុជាអំពីការគ្រប់គ្រង ការដាំដុះ ថែរក្សា អភិរក្ស និងការធ្វើអាជីវកម្មព្រៃឈើ។ល។ បច្ចុប្បន្នប្រទេសកូរ៉េមានផ្ទៃដីព្រៃឈើសរុប ៦៣% នៃផ្ទៃដីសរុប ក្នុងនោះ ២/៣ គ្រប់គ្រងដោយឯកជន និង ១/៣ គ្រប់គ្រងដោយរដ្ឋ។ ៥០ឆ្នាំកន្លងមក រដ្ឋាភិបាលកូរ៉េបានអនុវត្តគោលនយោបាយដាំដុះ គ្រប់គ្រង និងថែរក្សាព្រៃឈើ ហើយលទ្ធផលដែលរដ្ឋាភិបាល ក៏ដូចជាប្រជាជនកូរ៉េទទួលបានគឺបរិស្ថានល្អ អាកាសធាតុបរិសុទ្ធ រក្សាបានជីវចំរុះ សុខភាពមនុស្ស សត្វ និងរុក្ខជាតិល្អ និងសំណើមដីខ្ពស់។ល។ បច្ចុប្បន្ន ក្រសួងព្រៃឈើកូរ៉េបានធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចំនួន ៣៧ប្រទេសទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
រាយការណ៍ជូន ឯកឧត្តម NAM Sung-hyun នាឱកាសនេះ លោករដ្ឋមន្ដ្រី វេង សាខុន បានលើកយកចំណុចសំខាន់ៗមកជម្រាបជូនភាគីកូរ៉េបានជ្រាបអំពី បច្ចុប្បន្នភាពនៃផ្ទៃដីគម្របព្រៃឈើ គោលនយោបាយនៃការដាំដុះព្រៃឈើឡើងវិញ ការគ្រប់គ្រង ថែរក្សា និងអភិរក្សព្រៃឈើ ការធ្វើអាជីវកម្មព្រៃឈើ និងផលប្រយោជន៍ព្រៃឈើ និងអនុផលព្រៃឈើសម្រាប់ប្រជាជលកម្ពុជា ពិសេសសម្រាប់សហគមន៍ព្រៃឈើ ដែលនៅពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ល។ ក្នុងជំនួបដ៏មានសារសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យរដ្ឋបាលព្រៃឈើកម្ពុជាបន្តយកចិត្តទុកដាក់សហការជាមួយក្រសួងព្រៃឈើកូរ៉េលើការងាររបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស។ ឆ្លៀតឱកាសដែល លោក NAM Sung-hyun គ្រោងនឹងទៅធ្វើទស្សនកិច្ចនៅកម្ពុជានាចុងខែសីហាខាងមុខ លោករដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យឯកឧត្តម កែវ អូម៉ាលីស្ស (ប្រតិភូរដ្ឋបាលព្រៃឈើកម្ពុជា) ត្រៀមរៀបចំឯកសារសំខាន់ៗដែលត្រូវលើកយកមកពិភាក្សាទ្វេភាគី និងលើកសំណើសុំការជួយ ឧបត្ថម្ភ គាំទ្រពីក្រសួងព្រៃឈើកូរ៉េ ដើម្បីអភិវឌ្ឍព្រៃឈើកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ដ្រីជាថ្មីម្តងទៀតបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការជួយឧបត្ថម្ភ គាំទ្រពីភាគីកូរ៉េ ដល់ការអភិវឌ្ឍព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមក ក្នុងឆន្ទ:រួមគឺរក្សាបរិស្ថានពិភពលោកល្អ និងកំណើនប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប លោក NAM Sung-hyun បានលើកឡើងថា ការពិតប្រទេសយើងទាំងពីរធ្លាប់បានចុះហត្ថលេខា MOU ម្តងរួចមកហើយនៅឆ្នាំ២០០៨ ប៉ុន្តែដោយ សារនិន្នាការនៃការវិវឌ្ឍន៍រីកចម្រើនទាំងសេដ្ឋកិច្ច និងសង្គមទូទាំងពិភាពលោក រួមទាំងប្រទេសយើងទាំងពីរ យើងគូរតែធ្វើបច្ចុប្បន្នភាពលើខ្លឹមសារសំខាន់ៗក្នុង MOU ឆ្នាំ២០០៨ នេះនៅឡើងវិញដោយត្រូវសង្កត់ធ្ងន់លើចំណុចសំខាន់ៗមានជាអាទិ៍ ÷
១- ការពិនិត្យឡើងវិញលើគម្រោងព្រៃឈើមេគង្គ-កូរ៉េ
២- ការសិក្សាស្រាវជ្រាវលើធនធានព្រៃឈើកម្ពុជា
៣- ការសិក្សាលើធនធានដីព្រៃឈើ
៤- ការវិនិយោគលើការដាំឈើ និងអាជីវកម្មឈើដាំឧស្សាហកម្ម នុងការនាំចេញ។
ភាគីទាំងពីរបានឯកភាពគ្នាថានឹងជួបពិភាក្សាគ្នាលម្អិតបន្ថែមទៀត ដើម្បីឈានទៅចុះហត្ថលេខា MOU នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រៃឈើរវាងប្រទេសទាំងពីរនាពេលអនាគតឲ្យកាន់តែល្អប្រសើរ៕
ដោយ : សិលា