ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងថា ទឹកធ្លាក់អូរម្លូ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយកន្លែង នៃតំបន់ទេសចរណ៍ធម្មជាតិជីផាត ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ភូមិសាស្រ្តស្រុកថ្មបាំង ខេត្តកោះកុង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា តំបន់ទឹកធ្លាក់ នៅក្នុងរដូវនេះ កំពុងបង្អួតខ្លួនយ៉ាងស្រស់បំព្រង នៅកណ្ដាលព្រៃភ្នំ។ អ្នកទេសចរណ៍គ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង បានមកកម្សាន្តឥតដាច់។
សូមជម្រាបថា គោលបំណងរបស់រាជរដ្ឋភិបាលកម្ពុជា គឺធ្វើយ៉ាងណាប្រែក្លាយតំបន់ការពារធនធានធម្មជាតិ ដែលមានសក្តានុពលទេសចរណ៍ឱ្យក្លាយជាកន្លែងទេសចរណ៍ធម្មជាតិ។
ជាមួយគ្នានោះ នៅព្រឹកថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២នេះ ក្រសួង ក៏បានបង្ហាញពីស្ទឹងដំណាក់ក្បូន នារដូវវស្សា ដែលស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង។
ស្ទឹងដំណាក់ក្បូនមានចម្ងាយ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង តាមផ្លូវទៅអូរសោម ដែលធ្វេីឱ្យអ្នកទេសចរណ៍ និងអ្នកដំណេីរតាមផ្លូវនេះ បានទស្សនាផ្ទាំងទស្សនីយ៍ភាព ដ៏ល្អឯកនៃដងស្ទឹង អមជាមួយដេីមឈេីឈរអមសងខាង និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់បរិសុទ្ធពីធម្មជាតិ៕
ដោយ៖សហការី