អាជ្ញាធររាជធានី និងគណៈកម្មការអន្តរក្រសួង បើកកិច្ចប្រជំុដើម្បីជម្រុញឲ្យការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលរស់លើដីឯកជនរបស់រដ្ឋ ក្នុងរាជធានីភ្នំពេញឲ្យបានមុនឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានី និងគណៈកម្មការអន្តរក្រសួងបានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀត ស្ដីអំពី ការសើរើបញ្ជីសារពើភ័ណ្ឌ  ដើម្បីជម្រុញការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលរស់លើដីឯកជនរបស់រដ្ឋ ក្នុងរាជធានីភ្នំពេញឲ្យបានមុន ឆ្នាំ២០១៧ ក្នុងគោលបំណង បញ្ចប់បញ្ហារឿងទំនាសដីធ្លី ដែលជាជំងឺដ៏រាំរ៉ៃ បានអូសបន្លាយជាយូរយ៉ាណាស់មកហើយនោះ និងបញ្ហាមួយទៀតនោះគឺ ដើម្បីជម្រុញលឿន ការងារនេះឲ្យបានមុនពេលបោះ ឆ្នោត ឃុំ-សង្កាត់ឆ្នាំ២០១៧ខាងមុខនេះដែរ  ។

កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី១០ ឧសភា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីមកពីបណ្ដាក្រសួងពាក់ព័ន្ធផងដែរ ។

លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា ៖ ការងារខាងលើនេះយើងធ្លាប់និងបានអនុវត្តតាំងពីឆ្នាំ២០០៤មកម្លេះ ប៉ុន្តែក្នុងរយៈពេលជាង១០ឆ្នាំមកនេះ មិនទាន់ដោះស្រាយបញ្ចប់នូវឡើយទេ ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតគណៈ កម្ម ការអន្តរក្រសួងនេះឡើង ក្នុងគោលបំណងជម្រុញការងារនេះឲ្យបានលឿន និងត្រឹមត្រូវ ។

ការបង្កើតគណៈកម្មការនេះឡើងគឺដើម្បីធ្វើការរួមគ្នាបើកតំបន់វិនិច្ឆ័យចុះបញ្ជី​ដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមសហគមន៍បណ្តោះអាសន្ន លើដីឯកជនរបស់រដ្ឋក្នុងរាជធានីភ្នំពេញឲ្យបានលឿនជូនពលរដ្ឋ។

គណៈកម្មការអន្តរក្រសួងនេះ ត្រូវបានតែងតាំង​សមាស​ភាព​​ចំនួន១៦រូប ក្នុងនោះរួមមានលោក ប៉ា សុជាតិ​វង្ស អភិបាលរាជធានីភ្នំពេញ  ជាប្រធាន និងរដ្ឋលេខាធិការនៅតាមបណ្ដាក្រសួងពាក់ព័ន្ធមួយចំនួនទៀតជាសមាជិក។

លោកប៉ា សុជាតិវង្ស បានបន្តថា ៖ សម្រាប់អាជ្ញាធររាជធានីមិនអាចគ្រប់គ្រងបានទាំងស្រុងនោះទេលើស្ថិតិប្រជាពលរដ្ឋដែលរស់លើដីឯកជនរបស់រដ្ឋនេះ ដែលដាច់ខាតត្រូវតែមានការចូលរួមពីក្រសួងស្ថាប័នទាំងអស់ ហើយក្នុងកិច្ចប្រជុំនេះធ្វើឡើងដើម្បីឲ្យក្រសួង ស្ថាប័នទាំងអស់ស្រង់ស្ថិតិ ប្រជាពលរដ្ឋទាំងនេះឲ្យបានច្បាស់លាស់ ហើយយកមកដាក់លើតុជជែកពិភាក្សាគ្នា មុននឹងដាក់ចូលទៅឲ្យប្រមុខរាជរដ្ឋាភិបាលសម្រេចចុងក្រោយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ថា ត្រូវតែជម្រុញការងារនេះឲ្យបានបញ្ចប់នៅមុនពេលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ខាងមុខនេះ ។

សូមបញ្ជាក់ថា៖  ការសេច​ក្តី​សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា៖  គណៈ​​កម្មការអន្តរ​ក្រសួង​នេះ មាន​ភារ​កិច្ចពិនិត្យ​​ទី​​តាំង​​​ប្រជាពលរដ្ឋរស់នៅលើដីឯកជនក្នុង​ភូមិ​​​សាស្ត្រ​​រាជធានីភ្នំពេញ និងផ្ទៀង​ផ្ទាត់​ទ្រព្យ​សម្បត្តិរដ្ឋនៅតាមក្រសួង អង្គភាពពាក់ព័ន្ធ ដើម្បីកាត់ចេញ​​ពីបញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ សម្រាប់​ប្រទាន​កម្មជូនប្រជាពលរដ្ឋ។ បន្ទាប់​ពីផ្ទៀងផ្ទាត់ជាមួយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រដ្ឋ​​បាល​​​សុរិ​​យោ​ដី​ ត្រូវចុះបញ្ជីដីធ្លីផ្តល់ប័ណ្ណកម្មសិទ្ធិជូន​ប្រជាពលរដ្ឋតាម​ការកាន់កាប់ជាក់​ស្តែង​។ គណៈ​​​កម្ម​​ការ​អន្តរ​ក្រសួងនេះ ក៏មានសិទ្ធិបង្កើតក្រុមការងារបច្ចេកទេសតាមការចាំបាច់ដែលមាន​សមា​​ស​ភាព​​មក​ពី​​ក្រសួងស្ថាប័នពាក់ព័ន្ធ។ មួយវិញទៀត មានសិទ្ធិប្រើប្រាស់ត្រា និងថវិការបស់​សា​លា​​​រាជ​​ធានី​ភ្នំ​ពេញ សម្រាប់ដំណើរការងាររបស់ខ្លួន។

សេចក្តីសម្រេចនេះ ត្រូវបានបង្កើតឡើងដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រាំរ៉ៃរវាងអាជ្ញាធរ និងប្រជា​​ពល​​​រដ្ឋដែលកំពុងរស់នៅលើដីរដ្ឋក្នុងរាជធានីភ្នំពេញ៕

image_2

image_3

image_4

image_1

image

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print