ភ្នំពេញ ៖ សំណង់ផែយ៉ាងធំមួយកន្លែងកំពុងសាងសង់ប្រកបដោយភាពរលូន ក្នុងចេតនាទុច្ចរិតរំលោភចូលដីចំណីទន្លេសាបយា៉ងជ្រៅនៅក្បែរស្ពានលីយ៉ុងផាត់ ដើម្បីពង្រីករំលោភយកឲ្យបានធំថែមទៀត ដែលជំនាញនិយាយថាករណីនេះអាចបង្កឲ្យមានបញ្ហាដល់គ្រឹះសសរស្ពានដោយសារតែការបុកគ្រឹះសាងសង់ផែមួយនេះ ប្រសិនពុំមានវិធានការទប់ស្កាត់ពីអាជ្ញាធរ។
ភាពជាក់ស្តែងសំណង់បុគ្គលឈ្មោះ ញឹក ផន ហៅតាកៅបានសាងសង់រំលោភចូលដីចំណីទន្លេនេះមានប្រវែងបណ្តោយប្រហែល១០០ម៉ែត្រ តាមជួរមាត់ទន្លេនិងទទឹងជាង១០ម៉ែត្រដែលបានសាងសង់ចូលទៅក្នុងដីចំណីទន្លេយ៉ាងជ្រៅ ។ សំណង់ផែអត់ច្បាប់ទំលាប់មួយនេះ មានទីតាំនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដែលគេដឹងថាជារបស់លោកឧកញ្ញាដ៏មានអំណាចម្នាក់ឈ្មោះញឹកផន ហៅតាកៅ ដែលកន្លងមកសំបូររឿងអាស្រូវធ្វើព្យុះធ្វើភ្លៀងជាច្រើននៅខណ្ឌមួយចំនួននៅភាគខាងជើងទីក្រុងភ្នំពេញ ។
សំណង់ផែសង្ស័យអត់ច្បាប់របស់ឈ្មោះញឹក ផន ហៅតាកៅ ដែលពីមុនគេដឹងថាទីតាំងនេះគឺជាកន្លែងដេប៉ូខ្សាច់យ៉ាងធំផងដែរ បានសាងសង់អស់រយៈពេលជាច្រើនខែកន្លងហើយគ្មានអជ្ញាធរណាហាមឃាត់ឡើយ ។
គេពុំដឹងថា មានការត្រូវរ៉ូវគ្នា ឬមានការអន្តរាគមន៍យ៉ាងណានោះទេ បានជាសំណង់ផែអត់ច្បាប់មួយនេះសាង់រំលោភចូលក្នុងទន្លេបានយ៉ាងស្រួលដូច្នេះ។
នៅតំបត់នេះផងដែរបើតាមច្បាប់របស់ភូមិបាលមិនអនុញ្ញាតឲ្យសាងសង់ផែនោះទេដែលអាជ្ញាធរសង្ស័យថា អត់ច្បាប់ ។
ពាក់ពន្ធ័នឹងករណីសំណង់រំលោភចូលដីចំណីទន្លេមួយនេះ ប្រជាពលរដ្ឋអះអាងថាបើប្រជាពលរដ្ឋតូចតាចធ្វើអីបន្តិចបន្តួចមិនបានទេ បុ៉ន្តែបើឧកញ្ញា៉ធំៗឬថៅគ្រាក់ៗចង់ធ្វើអីក៏បានដែរ ឱ្យតែមានលុយ ។ ពួកគាត់សំណូមពរទៅលោកជាសុផារា៉ទេសរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ ដែលទើបនឹងឡើងកាន់តំណែងថ្មីមេត្តាជួយមើលរឿងនេះផង ព្រោះលោកធ្លាប់ព្រមានចាត់វិធានការមន្ត្រីឬឧកញ្ញា៉ណាដែលរំលោភដីរដ្ឋឬដីប្រជាពលរដ្ឋទៅក្នុងបញ្ជីស្បែកខ្មៅរបស់រដ្ឋាភិបាល ដូច្នេះលោកឧកញ្ញា៉ម្នាក់នេះល្មមលៃលកផង ។
ពាក់ព័ន្ធនឹងករណីសំណង់ផែខាងលើនេះ លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រាប់ឱ្យដឹង តាមទូរស័ព្ទថា គាត់ពុំទាន់បានដឹងពីករណីនេះទេ ចាំគាត់ទាក់ទងទៅលោកចៅសង្កាត់ស្វាយបា៉កសិន។
ទាក់ទងនឹងរឿងនេះ នគរដ្រេហ្គន បានព្យាយាមសុំការបំភ្លឺពីលោកឧកញ៉ាញឹកផនដែរតែពុំអាចសុំការទំនាក់ទំនងបានទេ ៕
សហការី