ភ្នំពេញ៖ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ចំនួន១០០ កន្លែងដល់កីឡាករកីឡាការិនីថ្នាលដែលមានបំណងចង់ហ្វឹកហាត់នៅលើទីលានស្គីទឹកកកដោយមិនចាំបាច់បង់ប្រាក់ឡើយ ដើម្បីតម្រង់ទិសឆ្ពោះទៅកីឡាស៊ីហ្គេមលើក ទី៣២ ឆ្នាំ២០២៣ ។ សហព័ន្ធកីឡាមួយនេះបាននិងកំពុងពង្រីកសមត្ថភាពរបស់ ខ្លួនក្នុងគោលបំណងចង់ឲ្យក្រសួងអប់រំ យុវ ជននិងកីឡាជួយជ្រោមជ្រែងក្នុងការរៀបចំកម្មវិធីប្រកួតផ្សេងៗដូចសហព័ន្ធកីឡាជាតិដទៃទៀតដែរ ។
កញ្ញា ឡុង សុធាវី អគ្គលេខាធិការសហ ព័ន្ធកីឡាស្គីទឹកកកកម្ពុជាបានឲ្យដឹងថា ការ ផ្តល់អាហារូបករណ៍ដល់កីឡាករកីឡាការិនី ថ្នាលហ្វឹកហាត់ដោយមិនចាំបាច់បង់ថវិកា ពីព្រោះសហព័ន្ធចង់ពង្រីកសមាជិកក្លិបឲ្យបានច្រើន ជាពិពេសសហព័ន្ធចង់បណ្តុះ បណ្តាលកីឡាករកីឡាការិនីតូចៗដែលស្រឡាញ់និងចូលចិត្តហាត់កីឡាស្គីទឹកកក ឲ្យក្លាយទៅជាធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ដើម្បីត្រៀមលក្ខណៈ ដណ្តើមយកមេដាយនៅស៊ីហ្គេមឆ្នាំ ២០២៣ ។ ជាមួយនឹងទិសដៅអភិវឌ្ឍន៍ កីឡាស្គីទឹកកកឆ្ពោះទៅការប្រកួតស៊ីហ្គេមលើកទី៣២សហព័ន្ធកីឡាមួយនេះបាននិងកំពុងស្នើសុំទៅកាន់ក្រសួងអប់រំយុវជននិង កីឡាដើម្បីសុំសិទ្ធិបញ្ជូនអត្តពលិករបស់ ខ្លួនទៅចូលរួមប្រកួតស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ខាងមុខ។
គួររំលឹកថា សហព័ន្ធកីឡាស្គីទឹកកម្ពុជា បានបង្កើតឡើងនៅថៃ្ងទី១១ ខែឧសភា ឆ្នាំ ២០១៥ ទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅថៃ្ងទី ខែមិថុនា ឆ្នាំ២០១៥ និងទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡានៅថៃ្ងទី២៣ ខែកញ្ញា ឆ្នាំ២០១៥ ៕
ដោយ៖ សារីម