ភ្នំពេញ៖ ទីបំផុតកីឡាក អ៊ុំ ចំរើន មក ពីក្លិបតាឡីដំរីមានប្ញទ្ធិ និងកីឡាករ ធីតុង ហ៊ី មកពីក្លិបសាលវ័ន្តកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃដូចគ្នាក្នុងវគ្គវាយខ្វែង ពូលនាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ ២០១៦ខាងមុខនេះដើម្បីដណ្តើមកៅវគ្គផ្តាច់ព្រ័ត្រ ដោយមានប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារសម្រាប់ជើងឯកលេខ១ និង ១.៥០០ដុល្លារសម្រាប់ចំណាត់ថ្នាក់លេខ ២ ។ នេះបើយោងតាមកម្មវិធីរបស់សង្វៀន ទូរទស្សន៍ប៉ុស្តិ៍៥អារីណាដែលបានគ្រោងទុករួចជាស្រេចនោះ។
ប្រភពព័ត៌មានពីសង្វៀនប្រដាល់ប៉ុស្តិ៍៥បានបញ្ជាក់ថា ការប្រកួតនៅវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រនេះតម្រូវឲ្យធ្វើការចាប់ឆ្នោត ជ្រើសរើសដៃគូប្រកួតដូច្នេះហើយបានជាកីឡាករ ធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Super Chhai រីឯកីឡាករ អ៊ុំ ចំរើនមកពីក្លិបតាឡីដំរីមានប្ញទ្ធិត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះ Tahan Ek ។
ធី តុងហ៊ី និងSuper Chhaiពួកគេមិនធ្លាប់ ជួបគ្នាក្នុងវគ្គប្រកួតជម្រុះកន្លងមកទេ ដោយសារ តុងហ៊ី នៅពូលB ចំណែក Super Chhai នៅពូលA។ Super Chhai ធ្លាប់វាយផ្ដួលកីឡាករ កន ចន្ថា របស់ក្លិប កងពលធំអន្តរាគមន៍លេខ២ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣ និងវាយឈ្នះកីឡា ករ ធា នុរាជ មកពីក្លិបពោធិ៍ជ័យកីឡាដោយ ពិន្ទុក្នុងវគ្គប្រកួតជម្រុះចុងក្រោយ ។ ដោយឡែក ធី តុងហ៊ី កន្លងទៅគេធ្លាប់វាយ ចាញ់Tahan Ek ក្នុងជុំទី១វគ្គជម្រុះ ប៉ុន្តែជុំទី២គេវាយឈ្នះអ្នកប្រដាល់អង់គ្លេសឈ្មោះ Kevin ដោយពិន្ទុ និងវាយឈ្នះកីឡាករ លួន សុខខេង មកពីក្លិបអាស៊ីកីឡា ដោយ ពិន្ទុ ។
នៅល្ងាចថ្ងៃដដែលនោះដែរកីឡាករ អ៊ុំ ចំរើន ជើងខ្លាំងក្នុងពូលB ត្រូវជួបជាមួយ កីឡាករTahan Ek ។ ចំរើនប្រកួតក្នុងវគ្គ ជម្រុះ៣ជុំធ្លាប់វាយឈ្នះកីឡាករ ធា នុរាជ ក្នុងទឹកទី៥ វាយឈ្នះSuper Chhai ដោយ ពិន្ទុ និងចុងក្រោយវាយផ្ដួល កន ចន្ថា នៅ ក្នុងទឹកទី៤ ។ ប៉ុន្តែ ចំរើន មិនប្រាកដថា អាចយកឈ្នះ Tahan Ek ដោយផុយស្រួយដូចកីឡាករ៣នាក់មុនបានស្រួលនោះទេ ពីព្រោះTahan Ek ធ្លាប់វាយឈ្នះ ធី តុងហ៊ី ដោយពិន្ទុ វាយចាញ់ពិន្ទុ លួន សុខខេង និង ចុងក្រោយវាយផ្ដួលអ្នកប្រដាល់អង់គ្លេសKevin ក្នុងទឹកទី២៕
ដោយ៖ សារីម