ម្ចាស់ជើងឯកប្រទេសអាល្លឺម៉ង់ Bayern Munich បានទិញខ្សែការពារកណ្តាល Mats Hummelsពីក្រុម Borussia Dortmund និង ខ្សែបម្រើ Renato Sanches ពីក្រុម Benfica ដើម្បីយកមកពង្រឹងក្រុមសម្រាប់រដូវកាលក្រោយ ។
កីឡាករវ័យ២៧ឆ្នាំ Hummels បានចុះហត្ថលេខារយៈពេល៥ឆ្នាំលេងឲ្យក្រុម Bayern Munich ខណៈដែលRenato Sanches មានតម្លៃខ្លួន៣៥លានអឺរ៉ូពេលដែលផ្លាស់ មកកាន់ប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល៥ឆ្នាំផងដែរ ។
ខ្សែការពារ Hummelsចាប់ផ្តើមអាជីពជាមួយនឹងក្លិប Bayern Munich ផងដែរ ដោយលេងបានមួយប្រកួតក្នុងឆ្នាំ២០០៧មុនពេលផ្លាស់ទៅកាន់ក្រុម Dortmund ហើយប្រកួតចុងក្រោយរបស់គាត់ជាមួយនឹងក្រុម Dortmund គឺនៅពេលប៉ះក្រុម Bayern Munichវគ្គផ្តាច់ព្រ័ត្រនៃអាល្លឺម៉ង់Cupប្រសិនបើគាត់ត្រូវជាប់ជម្រើសដំបូងនោះ ។
នាយកប្រតិបត្តិក្លិប Bayern Munich លោក Karl-Heinz Rummenigge បាន ថ្លែងថា “Hummels គឺជាខ្សែការពារដ៏ល្អ មួយក្នុងចំណោមខ្សែការពារល្អជាច្រើន ក្នុងពិភពលោក ។ យើងអាចបង្កើនគុណភាពក្រុមក្រោយពេលទទួលបានគាត់។ ចំណែកកីឡាករអន្តរជាតិព័រទុយហ្គាល់ វ័យ១៨ឆ្នាំRenato Sanches ជាកីឡាករមាន ភាពស្វាហាប់រហ័សរហួនថែមទាំងប្រកបដោយបច្ចេកទេសខ្ពស់ក្នុងការលេងបាល់ទាត់ ។ រូបគេក៏នឹងបន្ថែមភាពរឹងមាំដល់ ក្រុមរបស់យើងកាន់តែខ្លាំងថែមទៀតផងដែរ” ។
គួរបញ្ជាក់ថា លោក Carlo Ancelotti អតីតគ្រូបង្វឹករបស់ក្រុម AC Milan, តោ ខៀវ Chelsea និង Real Madrid នឹងមកដឹក នាំក្រុម Bayern Munich ជំនួសលោកគ្រូ បង្វឹកPep Guardiola ដែលនឹងទៅដឹកនាំ ក្រុម Manchester City របស់អង់គ្លេស ៕