ភ្នំពេញ : សារលិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មង្គលសួស្ដី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយនៃពិធីចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និង សូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពសម្បូរសប្បាយជារៀងរហូត។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេង ដែល សម្តេច តេជោនាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និងស្មារតីក្នុងការពុះពាររាល់ឧបសគ្គ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនឥតឈប់ឈរលើគ្រប់វិស័យ និងទទួលបាននូវកិត្តិសព្ទល្បីល្បាញ ទាំងក្នុងតំបន់ និងពិភពលោក។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុតី ប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ជ្រាលជ្រៅ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ : សិលា