ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៤ ខែសីហា ឆ្នាំ២០២២នេះថា៖ ចាប់ពីថ្ងៃទី៤ សីហា ២០២២នេះ ប័ណ្ណព្រំដែនកម្ពុជា.ថៃ វាយត្រាម្តងអាចស្នាក់នៅបាន៧ថ្ងៃវិញហើយ (ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត)។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចសម្របសម្រួលរបស់ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្រ្តីពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ជាមួយអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ ឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករដែលតែងតែធ្វើដំណើរចេញ-ចូល ក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃឡង់ដ៍។
ជាលទ្ធផល អាជ្ញាធរថៃយល់ព្រមឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា-ថៃ (Cambodia-Thailand Border Pass) មានសុពលភាពប្រើប្រាស់រយៈពេល ៧(ប្រាំពីរ)ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ ពោលគឺខាងភាគីអន្តោប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាពី ៣ថ្ងៃឱ្យបាន ៧ថ្ងៃវិញ៕
ដោយ៖សហការី