លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Amanda Milling ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានថា, នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាជាមួយ លោកជំទាវ Amanda Milling អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួង ការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចជាលើកដំបូង របស់លោកស្រី Amanda Milling មកកាន់កម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២ ដែលក្នុង ឱកាសនោះ កម្ពុជា និងចក្រភពអង់គ្លេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Amanda Milling បានយល់ឃើញដូចគ្ន ថា កម្ពុជា និងចក្រភពអង់គ្លេស មានទំនាក់ទំនងដ៏ល្អ និងបានស្នើថា គួររៀបចំសកម្មភាពរួមគ្នា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចក្រភព អង់គ្លេស នៅក្នុងឆ្នាំក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភព អង់គ្លេសដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ដល់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោត សរសើរចំពោះការបន្តផ្តល់ជំនួយរបស់ចក្រភពអង់គ្លេស ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សុខាភិបាល ការបោសសម្អាតមីន និងវិស័យអប់រំ។
នៅក្នុងក្របខ័ណ្ឌពហុភាគី លោក ប្រាក់ សុខុន បានកោតសរសើរចំពោះកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី១ និងបានថ្លែងអំណរគុណចក្រភពអង់គ្លេសចំពោះ ការគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយោជន៍ទៅវិញទៅមក និងជាកង្វល់រួម រាប់ចាប់ពីទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និងអាស៊ាន-ចក្រភពអង់គ្លេស ស្ថានភាពនៅប្រទេស មីយ៉ាន់ម៉ា ការវិវត្តសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក រហូតដល់វិបត្តិនៅប្រទេសអ៊ុយក្រែន ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print