ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានអំពីកម្ពុជា និងរុស្ស៊ីចុះហត្ថលេខាលើផែនការពិគ្រោះយោបល់ នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង លោក សឺហ្គេយ៍ ឡាវរ៉ូវ(Sergey Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើ “ផែនការនៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២២-២០២៤ដែលនឹងរួមចំណែកពង្រឹងបន្ថែមទៀតទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
បន្ទាប់ពីការចុះហត្ថលេខាលើផែនការនៃកិច្ចពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដូចមានភ្ជាប់មកជាមួយ៕
ដោយ : សុខ ខេមរា