ខេត្តបន្ទាយមានជ័យ: ក្រោយគេយកទិញឪពុកលក់ កូនប្រុសរបស់គាត់ បានបញ្ជាក់ពីការពិត នៃប្រវត្តិសារបានការទិញដីធ្លីទំនាស់នេះ ជូនអ្នកលួចលក់ អ្នកសមគំនិត អាជ្ញាធរពាក់ព័ន្ធ មេត្តាជ្រាបតាមការគួរ ។
លោក ឈិន ភីលីពលាស់ ដែលជាកូនប្រុសបានបញ្ជាក់លម្អិតថា, ឆ្នាំ ១៩៩២ គ្រួសារលោក ឈយ ឈីន បានមាតុភូមិនិវត្តន៍ពីជំរំជាយដែនមកកម្ពុជា បានមករស់នៅទឹកដី ឃុំខ្នាចរមាស ស្រុក បវិល ខេត្តបាត់ដំបង ហើយបានទិញដីមួយប្លង់នៅទីនោះជាលំនៅដ្ឋាន។
ឆ្នាំ ១៩៩៤ លោក និងក្រុមគ្រួសារបានលក់ដីនោះ ហើយប្តូរទីតាំងមកនៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ ដោយជួលផ្ទះនៅ ពីមួយកន្លែងទៅមួយកន្លែង។ នៅដើមរដូវវស្សាឆ្នាំ ១៩៩៥ លោកបានទិញដីចំនួន ២ កន្លែង មួយនៅប៉ោយប៉ែត (ដីនេះគាត់បានរកគ្រួសារក្មួយស្រី ដែល ត្រូវជាក្មួយបង្កើតរបស់អ្នកស្រី សាត ឈឿន ឲ្យទៅចាំ តែក្រោយមកក្មួយនេះបានលួចលក់ដីជាកម្មសិទ្ធរបស់គាត់) និងទិញមួយកន្លែង ទៀតនៅសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាដីដែលម្ខាងថ្នល់ខាងកើតសាលាខេត្ត កំពុងមានទំនាស់។
ដំណើររឿងបរិយាយទិញដីនៅសិរីសោភ័ណ បន្ទាយមានជ័យ លោក ឈយ ឈីន និងគ្រួសារបានសម្រេចចិត្តរកដីជាកម្មសិទ្ធិ របស់ខ្លួន ហើយអធិស្ឋានទៅព្រះអម្ចាស់ក្នុងចិត្តឲ្យទ្រង់ជាអ្នកដឹកនាំតម្រង់ផ្លូវក្នុងការទិញដីតំបូងនេះ ដោយសន្យាថាបើបាន និងដាក់ទី នេះជាលំនៅដ្ឋាន ការិយាល័យ និងកន្លែងថ្វាយបង្គំព្រះ។ គាត់បានជិះម៉ូតូដើម្បីស្វែងរកដី រហូតដល់ពេលមួយ ម៉ូតូរបស់គាត់ខូចលែងទៅ មុខ ក្នុងទីតាំងមួយ ពេលនោះគាត់មិនអាចបន្តដំណើរទៅមុខទៀតបាន គាត់បានចុះដើរក្នុងដីក្បែរមាត់ផ្លូវនោះ ហើយអធិស្ឋានថា បើព្រះ ទ្រង់សព្វព្រះទ័យសូមឲ្យដីនេះបានជាកម្មសិទ្ធិរបស់ទូលបង្គំ។ គាត់បានសួរនាំទាក់ទងរកម្ចាស់ដីនោះ ក៏បានចរចារតម្លៃ តំបូងគេកាត់ ៣ ម៉ឺនបាត (៣០០០០បាត) គាត់មិនបានតថ្លៃទេ គាត់ថាចាំពិគ្រោះជាមួយគ្រួសារសិន ក្រោយមកគាត់បានជួបជាមួយម្ចាស់ដីម្ដងទៀត តែពេលនេះគេថា មិនមែន ៣ម៉ឺនបាតទេ តែ ៨ ម៉ឺនបាតវិញ (៨០០០០បាត) លោកហាក់ដូចជានៅទាក់ទើរជាមួយតម្លៃ ដោយព្រោះ ម្ចាស់ដីក្រឡាស់សម្តី ចឹងគាត់មិនបានឲ្យថ្លៃទៀតក៏បែកគ្នា។ តែក្រោយមកក្នុងការជួបជុំផឹកស៊ីជោគជាំមួយរបស់ម្ចាស់ដីខាងលើ ហើយចំ ពេលលោក ឈយ ឈីន ជិះម៉ូតូកាត់ទីនោះ ម្ចាស់ដី ឃើញក៏ហៅចូលចរចារតម្លៃដីគ្នាទៀត លោកឈយ ឈឹន បានតថ្លៃចាប់ពី ៥ ម៉ឺន បាត ឡើងរហូតដល់ ៧ម៉ឺន មួយពាន់បាត (៧១០០០បាត) ជាតម្លៃចុងក្រោយ ដោយភាពស្រវឹងគ្រឿងៗផងម្ចាស់ដីបានអារកាត់ សម្រេចចិត្តលក់ក្នុងតម្លៃនេះ ដោយមានការថ្នក់ដៃគ្នា និងមានភាគីអ្នកស៊ីផឹក ជាសាក្សីនៅពេលនោះ តែមិនបានកក់ប្រាក់ទេ ប្រមាណជា ពីរទៅបីថ្ងៃក្រោយទើបលោក ឈយ ឈីន បានយកប្រាក់ទៅប្រគល់ជូនម្ចាស់ដីនោះតាមសន្យា និងទទួលឯកសារទិញដូរដីក្នុងពេល នោះ។ ម្ចាស់ដីតំបូងលោកជានាយទាហានមានថាន្តរស័ក្កិជា ឧត្ដមសេនីយត្រី (ផ្កាយមួយ) ឈ្មោះ បេ កុសល ហៅតាសរ ភេទ ប្រុស អាយុ ៤០ឆ្នាំ (ក្នុងកងយោធពលខេមរភូមិន្ទភូមិភាគទី ៥ លោកជាមិត្ត ភ័ក្ររបស់លោក យ៉េន ស៊ាង (ស្លាប់) ដែលមានព្រុំប្រទល់នៅ ជាប់ដីខាងក្រោយលោក ឈយ ឈីន។ ពេលប្រគល់ប្រាក់ទិញដី កាលណោះ លោក បេ កុសល ហៅតាសរ ស្តាយក្រោយ តែហួសសម្តី ហើយឲ្យតម្លៃចំណេញលោក ឈយ ឈីន ជាមាស៣ តម្លឹង ប្រសិនបើលក់ជូនគាត់វិញ តែលោក ឈយ ឈីន មិនព្រមលក់។ បច្ចុប្បន្ន លោក បេ កុសល ហៅតាសរ មានអាយុ ៦៦ ឆ្នាំ ជាជនពិការភាពដោយគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរចំនួន ២លើក បាត់ការចងចាំ ហើយមាន លំនៅដ្ឋានបច្ចុប្បន្ននៅព្រែកចក្រី ឃុំអូស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តមកក្រោយការបោះឆ្នោតអាណត្តិទី២ តំណាងអ្នកដឹកនាំបក្សប្រចាំខេត្តមួយរូប បានឲ្យថ្លៃលោក ឈយ ឈឹន ប្រមាណជា ៣០ ម៉ឺន ដូល្លា ដោយចង់បានដីនេះធ្វើជាទីតាំងទីស្នាក់ការគណបក្សហ្វុនស៊ិនប៉ិចប្រចាំខេត្តបន្ទាយមានជ័យ តែលោក ឈយ ឈឹន មិន ព្រមលក់ដដែល។ ការបានតម្លៃនេះលោក ឈយ ឈឺន រំភើប និយាយប្រាប់កូនចៅ មិត្តភ័ក្រក្នុងអង្គភាព និងសាច់ញាតិ។ លោក ឈយ ឈីន បានស្នើរសុំចុះបញ្ជីដីនៅសិរីសោភ័ណ្ឌនេះ ទៅមន្ទីរសូរិយោដីខេត្ត ក្នុងឆ្នាំ២០០៣។ រហូតមកដល់ថ្ងៃទី ០៩ កុម្ភះ ២០០៤ លោក បានទទួលកម្មសិទ្ធស្របច្បាប់ពីមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ។
តមកទៀត មានការបាត់ឯកសារជាកម្មសិទ្ធិរបស់លោក ឈយ ឈឹន មួយចំនួន រួមមានឯកសារអចលនទ្រព្យនេះ ឯកសារទិញ ដីមួយចំនួនទៀតពីទូដែក ដែលនៅក្នុងការិយាល័យលោក ឈយ ឈីន ហើយកាលណោះមានមនុស្សសំខាន់ៗតែ៣នាក់ប៉ុណ្ណោះ ដែល មានសិទ្ធិចេញចូលក្នុងបន្ទប់នេះ គឺលោក ឈយ ឈីន ជាប្រធានអង្គការ ស៊ី ស៊ី ស៊ី ប្រចាំខេត្តបន្ទាយមានជ័យ លោក យន់ វណ្ណះ ជា បុគ្គលិកអង្គការផ្នែកបញ្ចាំងខ្សែភាពយន្តរឿងព្រះយេស៊ូ លោក ម៉ុង ណាវី ជាជំនួយការផ្ទាល់របស់លោក ឈយ ឈីន។ ការបាត់នេះបាន ចោទគ្នាទៅវិញទៅមក តែមិនបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធម៌មូលដ្ឋានទេ។
ចាប់តាំងពីដីមានទីផ្សារ ដឹងថាដីមានតម្លៃ ដែលគេធ្លាប់ឲ្យ ៣០ ម៉ឺនដូល្លាមក ការរំអុកដុកដាន់បានចាប់កើតមានចំពោះលោក ឈយ ឈីន ពីសំណាក់អង្គភាពការងាររបស់គាត់ ដោយទាមទារឲ្យគាត់ប្រគល់ដីប្លង់នេះទៅជាកម្មសិទ្ធិអង្គការបេសកកម្មជីវិតថ្មី។ ទើប តែនៅដំណាក់កាលចុងក្រោយនេះទេ ដែលសមាជិកក្រុមគ្រួសាររបស់លោក ឈយ ឈីន បានឃើញឯកសារខុសប្រក្រតី ដែលអង្គការ បានឲ្យលោក ឈយ ឈីន និងអ្នកស្រី សាត ឈឿន ផ្តិតមេដៃ លិខិតបញ្ជាក់កម្មសិទ្ធិកាន់កាប់ដីធ្លីមួយប្លង់នេះ ថាជារបស់អង្គការ ដែល កូនៗ និងសាច់លោហិតជិតរបស់គាត់មិនបានដឹង។ តាមការពិនិត្យមើល ឯកសារនេះធ្វើ ៦ខែក្រោយ ដែលលោក ឈយ ឈីន បាន ទទួលសិទ្ធិកាន់កាប់ដីពីមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី ៣១ ឧសភា ២០២២ មានការឃុបឃិតគ្នាលក់ដីទីតាំងនេះពីសំណាក់ គ្រូគង្វាលថ្មី និងនាយកអង្គការ ដោយមិនមាន សមាជិកក្រុមគ្រួសារលោក ឈយ ឈីន ណាម្នាក់ដឹងឡើយ! ហើយក្នុងកំឡុងពេលនេះឯកសារដែលបានបាត់កាលពីមុនបានវិលត្រឡប់ មកបង្ហាញវិញជាបន្តបន្ទាប់ម្តងមួយៗ។
សមាជិកក្រុមគ្រួសារលោក ឈយ ឈីន បានប្ដឹងទៅស្ថាប័នពាក់ព័ន្ធ ជំទាស់ចំពោះលោក តាំង វេកហួង ជាប្រធានអង្គការ បេសកកម្មជីវិតថ្មី ដែលមកលក់ទីតាំងនេះ ដោយយកលេសថា ចង់ប្ដូរទៅទីតាំងថ្មីដែលធំជាង ប្រសើរជាង។
១. ក្នុងភាពជរារបស់លោក ឈយ ឈឹន មានអាយុជាង ៨០ឆ្នាំ គាត់បានបាត់បង់សតិ ការចងចាំ មានលក្ខណៈវង្វេងវង្វាន់ (មានឯកសារគាំទ្របញ្ជាក់) បែរជាមកលួងលោមគាត់ឲ្យផ្តិតមេដៃលក់អចលនទ្រព្យជាកម្មសិទ្ធិស្របច្បាប់របស់លោក ដោយលោកមិន បានចំណែកអ្វីបន្តិចក្រៅពីអាហារក្នុងកំឡុងពេលដំណើរការលក់ ក៏គ្មានសមាជិកគ្រួសារណាដឹងអំពីរឿងនេះ។
២. បដិសេធដាច់អហង្ការថា ដីនេះមិនមែនជាដីរបស់អង្គការទេ ព្រោះលោក ឈយ ឈីន និងអ្នកស្រី សាត ឈឿន មិនដែល បានធ្វើលិខិតប្រគល់ជូនអង្គការ (មានតែលិខិតបញ្ជាក់កម្មសិទ្ធកាន់កាប់ដីខុសផ្លូវច្បាប់របស់អង្គការ) ក៏មិនបានទទួលប្រាក់របស់អង្គការ មកទិញដែរ ហើយអង្គការ ស៊ី ស៊ី ស៊ី តាំងពីដើមរៀងមកទល់បច្ចុប្បន្ន មិនមានខ្ទង់ចំណាយលើការទិញដីសំរាប់ព្រះវិហារ និងការសាង សង់អាគារព្រះវិហារដែរ។ តែជាប្រាក់ដែលលោក ឈយ ឈីន និងគ្រួសារ ត្រៀមបំរុងទិញដីធ្លីផ្ទាល់ខ្លួនសំរាប់គ្រួសារ ការចូលរួមចំណែក របស់កូនៗ ញាតិមិត្ដនៅក្រៅប្រទេស និងមួយចំណែកតូចពីសមាជិកពួកជំនុំ។
៣. បដិសេធដាច់អហង្ការថាអង្គការ ស៊ី. ស៊ីស៊ី. អន្តរជាតិ ប្រចាំនៅកម្ពុជា មិនបានបានប្ដូរឈ្មោះទៅជាអង្គការ បេសកកម្ម ជីវិតថ្មី ដូចដែលលោក តាំង វេកហួង ជានាយកអង្គការបច្ចុប្បន្ន មានប្រសាសន៍ដែរ។ អង្គការទាំងពីរនេះជាអង្គការផ្សេងទីទៃពីគ្នា កំពុង មានវត្ថមានប្រតិបត្តិការក្នុងកម្ពុជា។ លោក តាំង វេកហួង ធ្លាប់ជាអតីតនាយកអង្គការ ស៊ី ស៊ី ស៊ី អន្តរជាតិប្រចាំនៅកម្ពុជា ក្រោយដែល លោកត្រូវរងសម្ពាធ លោកបានលាលែងពីអង្គការនេះទៅបង្កើតអង្គការថ្មី ក្នុងឆ្នាំ ២០០៣។ ក្នុងអន្តរកាលនេះ លោក ហ៊ូ វិសិដ្ឋ ត្រូវបាន រើសជានាយកបណ្តោះអាសន្ន ២០០៣-២០០៤ បន្ទាប់មកលោកក៏ចាកចេញទៅនៅសហរដ្ឋអាមេរិក។ ក្រោយមក លោក ទូច បូរិន ត្រូវ បានជ្រើសរើស ហើយតែងតាំងជានាយកអង្គការ ស៊ី. ស៊ី, ស៊ី, បន្ត រហូតដល់ឆ្នាំ ២០២០ បន្ទាប់មកទៀត លោក អាន សាកល ត្រូវបាន ស្នងតួនាទីជានាយកម្ដង ចាប់ពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។
ប្រមូល និងចងក្រងពត៌មានដោយ លោក ឈិន ភីលីពលាស់ កាលបរិច្ឆេទ ១៥ កក្កដា ២០២២ ដែលជាកូនប្រុសរបស់គាត់ ៕
ដោយ : សុខ ខេមរា