ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់ លោក លោកស្រីជាស្ថាបត្យករអាជីប សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោល ការណ៍ឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ពិធីនេះនឹងប្រារព្ធនៅទីលានតេជោ (ពយតាមូង) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែរក្បួនព្យុហយាត្រា ការសម្ដែងទស្សនីយភាព សិល្បៈជាតិ អន្តរជាតិ ការប្រគំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់ ។ល។
ដើម្បីជាការសម្គាល់ទីតាំងប្រារព្ធពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រសួងទេស ចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំសាងសង់ក្លោងទ្វារចំនួន ២ទីតាំង នៅដើមផ្លូវ និងចុងផ្លូវ។ ដូចនេះដើម្បីឱ្យមាន ការចូលរួមពីមហាជនដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាប្លង់ក្លោងទ្វារច្រកចេញំ ចូល ពិធិបុណ្យសមុទ្រ លើកទី៩នេះ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន ២ទីតាំង។ លក្ខខ័ណ្ឌនៃការប្រឡងប្រណាំង ស្នាដៃនេះ បេក្ខជន បេក្ខនារី ឬក្រុមការងារ ត្រូវអនុវត្ដដូចខាងក្រោម ៖
១. រចនាបទប្លង់ក្លោងទ្វារត្រូវបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានទំហំក្លោងទ្វារទទឹង ១៦ម៉ែត្រ កំពស់ ១២ម៉ែត្រ និងរំលេចដោយគំនិតឆ្នៃប្រឌិតឆ្លុះបញ្ចាំងពីធនធានសមុទ្រ ជីវចម្រុះ និងការអភិវឌ្ឍខេត្តព្រះសីហនុ លំអដោយ ភ្លើងរចនាតាមលក្ខណៈទំនើប និងសាមញ្ញ ដោយមានខ្លឹមសារបញ្ជាក់អំពីអត្ថន័យនៃគំរូក្លោងទ្វារនេះ។
២. ក្រោយពីបេក្ខជន បេក្ខនារី ឬក្រុមការងារ រចនាប្លង់ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ ២០២២ នៅខេត្តព្រះសីហនុរួចរាល់ សូមយកស្នាដៃគំរូរចនាប្លង់ក្លោងទ្វារមកដាក់នៅមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ (លោក ហង្ស ភិរក្ស លេខទូរស័ព្ទ ០១២ ៥០៥ ១៦៨) ចាប់ពីថ្ងៃ ជូនដំណឹងនេះរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០ នាទីរសៀល។ ចំពោះលទ្ធផល រដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងនៅពេលក្រោយ ។
៣. បេក្ខជន បេក្ខនារី ឬក្រុមដែលទទួលបានជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត និងលិខិតបញ្ជាក់អំពីស្នាដៃ ដែលចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ។
អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ លោក លោកស្រីជាស្ថាបត្យករអាជីប សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងឡាយណាដែលមានបំណងបញ្ចេញស្នាដៃប្រឡងប្រណាំងលើការរចនាប្លង់ ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សូមចាប់ផ្តើមរចនាប្លង់ប្រកប ដោយគំនិតច្នៃប្រឌិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
ដោយ : សិលា