ការប្រកួតសម្រាប់សប្តាហ៍ទី១នៃថ្ងៃបើករដូវកាលថ្មីកាលពីរាត្រីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្នុងក្របខ័ណ្ឌ Premier League ដោយក្រុមអតីតជើងឯករងហង្សក្រហម Liverpool បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ Fulham ២ទល់២ប៉ុណ្ណោះ។
ចំណែក៥ក្រុមទៀតគឺទទួលបានលទ្ធផលល្អរកបាន៣ពិន្ទុនៃថ្ងៃដំបូងនេះ ដោយក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមភ្ញៀវ Southampton ៤ទល់១, ក្រុមតោខៀវ Chelsea យកឈ្នះក្រុមម្ចាស់ផ្ទះ Everton ១ទល់០, ក្រុម Leeds United បានយកឈ្នះ Wolverhampton ២ទល់១, ក្រុម Newcastle យកឈ្នះក្រុម Nottingham Forest ២ទល់០ និងក្រុមBournemouth យកឈ្នះក្រុមភ្ញៀវ Aston Villa ២ទល់០ដែរ។
ការប្រកួតក្រុមដំបូងក្នុងរាត្រីថ្ងៃទី៦ រវាងក្រុមហង្សក្រហម Liverpool និងក្រុម Fulham ក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Fulham បាននាំមុខ១គ្រាប់មុននៅនាទីទី៣២ រកបានដោយកីឡាករ Mitrović ប៉ុន្តែចូលដល់តង់ទី២ កីឡាករចំណូលថ្មិ Darwin Núñezរកបាន១គ្រាប់សងវិញឲ្យ Liverpool។ ចូលដល់នាទីទី៧២ កីឡាករក្រុម Liverpool បានបង្កកំហុសធ្វើឲ្យអាជ្ញាកណ្តាលបានផ្តល់ប៉េណាល់ទីដែលស៊ុតដោយកីឡាករ Mitrović ដដែល ហើយជិតនឹងចប់ការប្រកួតទៅហើយគឺនៅនាទីទី៨០ ខ្សែប្រយុទ្ធMohamed Salah រកបាន១គ្រាប់ទៀតឲ្យ Liverpool ដែលជាការបញ្ជូនបាល់យ៉ាងល្អពី Darwin Núñez ធ្វើឲ្យចប់ការប្រកួតក្រុមទាំង២បានត្រឹមម្នាក់១ពិន្ទុប៉ុណ្ណោះ។
ចំពោះក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបំបាក់ក្រុមភ្ញៀវ Southampton ៤ទល់១ ដោយនៅតង់ទី១ កីឡាករWard-Prowse របស់ក្រុមភ្ញៀវជាអ្នករកគ្រាប់បាល់នាំមុខ ប៉ុន្តែនៅនាទីទី២១ កីឡាករ Sessegnon រកបាន១គ្រាប់តាមស្មើវិញហើយនៅនាទីទី៣១ ខ្សែបម្រើ Dier រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុមម្ចាស់ផ្ទះ Tottenham នាំមុខនៅតង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ Tottenham នៅតែបន្តសម្រុកបន្ថែមទៀតរហូតរកបាន២គ្រាប់បន្ថែម ដោយ១គ្រាប់រកបាននៅនាទីទី៦១ ដោយការភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករ Salisu របស់ Southampton និង១គ្រាប់ទៀតរកបានដោយកីឡាករ Kulusevski នៅនាទីទី៦៣។
ចំណែកក្រុម Bournemouth និងក្រុម Newcastle United ទទួលបានលទ្ធផលដូចគ្នា ដោយឈ្នះគូប្រកួតដែលជាក្រុមភ្ញៀវ២ទល់០ដូចគ្នា។ ក្នុងនោះក្រុម Bournemouth បានយកឈ្នះក្រុម Aston Villa ក្នុងតង់ទី១រកបាន១គ្រាប់ពីសំណាក់កីឡាករLerma នៅនាទីទី២ ដែលជាការរកគ្រាប់បាល់លឿនជាងគេក្នុងដើមរដូវកាលនេះ និង១គ្រាប់ទៀតរកបានដោយកីឡាករ Mooreនៅនាទីទី៨០។ រីឯក្រុម Newcastle បានយកឈ្នះក្រុម Tottingham ២ទល់០ ដោយគ្រាប់បាល់ទី១រកបានដោយកីឡាករ Schärនៅនាទីទី៥៨ និងគ្រាប់ទី២រកបានដោយកីឡាករ Wilson នៅនាទីទី៧៨។
ដោយឡែកក្រុមម្ចាស់ផ្ទះ Leeds United បានយកឈ្នះក្រុម Wolverhampton ២ទល់១ ទាំងប្រផិតប្រផើយ ដោយក្នុងតង់ទី១កីឡាករ Daniel Podence របស់ក្រុមភ្ញៀវ Wolver រកបាន១គ្រាប់នៅនាទីទី៦ ខណៈដែលកីឡាករ Rodrigo របស់ក្រុមម្ចាស់ផ្ទះLeeds រកបាន១គ្រាប់សងវិញនៅនាទីទី២៦។ ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមទាំង២បានសម្រុកគ្នាទៅមក រហូតដល់នាទីទី៧៤កីឡាករ Aït Nouri របស់ក្រុមភ្ញឿវ Wolver បានភ្លាត់ស្នៀតស៊ុតបាល់ចូលទីខ្លួនឯងដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះ Leeds មានសំណាងខ្ពស់ទទួលបានជ័យជម្នះពីបាល់ Own Goal មួយគ្រាប់នេះ។
លទ្ធផលទាំងអស់នេះបានធ្វើឲ្យក្រុមចំនួន៦ទទួលបាន៣ពិន្ទុក្នុងថ្ងៃបើកឆាករដូវកាលថ្មី ២០២២–២០២៣ ក្នុងនោះមានក្រុមTottenham, Arsenal, Bournemouth, Newcastle, Chelsea និង Leeds United។
សម្រាប់ការប្រកួតសម្រាប់ថ្ងៃអាទិត្យទី៧ ខែសីហានេះវិញមានការប្រកួតចំនួន៣គូ គឺក្រុមម្ចាស់ផ្ទះ Leicester City ប៉ះក្រុមភ្ញៀវBrentford នៅវេលាម៉ោង៨យប់, ក្រុមបិសាចក្រហម Manchester United ប៉ះក្រុមភ្ញៀវ Brighton វេលាម៉ោង៨យប់ដូចគ្នា។ចំណែកគូចុងក្រោយគឺក្រុមម្ចាស់ផ្ទះ West Ham United ត្រូវប៉ះក្រុមខ្លាំងមេឃខៀវ Manchester City វេលាម៉ោង១០និង៣០នាទីយប់ ៕ (រូបភាព ៖ BBC Sport)