ភ្នំពេញ : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នារាត្រី ថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ម្សិលមុិញ ។
ថ្លែងក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាយើងទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ស្ថិរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍន៍រីកចម្រើនជឿនលឿនលើគ្រប់វិស័យ រួមទាំងវិស័យឧស្សាហកម្មផងដែរ ។ ក្នុងនោះវិស័យផលិតផលធ្វើដំណើរ និងស្បែក បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំងផងដែរ គឺរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់វិស័យឯកជន និងវិនិយោគិនដែលមានបំណងបណ្តាក់ទុនរួមចំណែកអភិវឌ្ឍប្រទេសជាតិ ។
ថ្លែងបើកកម្មវិធី លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានលើកឡើងថា៖ ទោះបីជាមានផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគនៅប្រទេសកម្ពុជានៅមានស្ថេរភាព និងកំណើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងគិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូបនិងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារបរទេសមានកំណើន ៥៩,៤៨% ធៀបនឹងឆ្នាំ២០២១ ដែលមានតម្លៃសរុប ៨០២,៦៥លានដុល្លា។
ចំណែកឯ លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសអចន្ត្រៃយ៍ សមាគមផលិតផលធ្វើដំណើរ និងស្បែកជើងនៅកម្ពុជា ក៏បានបញ្ជាក់ថា ដោយសាតែវិស័យផលិតកាបូបមានការកើនឡើង ជាហេតុនាំឲ្យមានការគាំទ្រកាបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាឡើង បានដើរតួនាទីជាការវេទិការប្រមូលរោងចក្រ សហគ្រាស ដែលផ្តោតលើការផលិតកាបូប និងផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើម្បីជួបជុំគ្នាក្នុងការផ្តល់មតិយោបល់ល្អៗ ហើយសមាគមនឹងតំណាងឲ្យសមាជិកទាំងអស់នាំសម្លេងជូនទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួលក្នុងអាជីវកម្ម ដែលជាផ្នែកមួយនៃការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកស្រីកិត្តិសង្គហបណ្ឌិតក៏បាន អំពាវនាវដល់ម្ចាស់រោងចក្រ មិនថាជារោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឬរោងចក្រដែលផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ទាំងអស់ សូមចូលរួមជាសមាជិកនៅក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឲ្យបានគ្រប់ៗគ្នាកុំបីខាន ព្រោះការធ្វើជាសមាជិកភាពនៃសមាគម ពិតជាទទួលបានអត្ថប្រយោជន៍ និងមានភាពរីកចម្រើនរួមគ្នាយ៉ាងពិតប្រាកដ។
ជាចុងក្រោយ លោកស្រីក៏បានគាំទ្រ និងលើកទឹកចិត្តដល់ លោកប្រធាន សមាជិក និងសមាជិកានៃសមាគមទាំងមូល សូមបន្តការប្ដេជ្ញាចិត្ត ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យផលិតផលធ្វើដំណើរ និងផលិតផលស្បែកនៅប្រទេសកម្ពុជាឲ្យកាន់ តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះខ្លាំងឡើងជាលំដាប់៕
ដោយ : សិលា