Sevilla យល់ព្រមចុះហត្ថលេខាយក Isco លើការផ្ទេរដោយមិនមានតម្លៃខ្លួន

ចែករំលែក៖

ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីចុះហត្ថលេខាលើកីឡាករ Isco ដែលមិនមានតម្លៃខ្លួនលើកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមក្លិប La Liga មួយនេះបានប្រកាសកាលពីថ្ងៃអាទិត្យទី៧ ខែសីហា។

 ក្លិប Sevilla បានបន្ថែមថា អតីតខ្សែបម្រើរបស់ក្លិបអធិរាជស Real Madrid នឹងទទួលការពិនិត្យសុខភាពនៅថ្ងៃចន្ទនេះមុនពេលបញ្ចប់ការផ្ទេររបស់គាត់។

 ខ្សែការពារសញ្ជាតិអេស្ប៉ាញ Isco នឹងក្លាយជាកីឡាករចុះហត្ថលេខានៅរដូវក្តៅទី៣របស់ក្លិប Sevilla បន្ទាប់ពីពួកគេបាននាំយកខ្សែការពារ Alex Telles ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United កាលពីថ្ងៃព្រហស្បតិ៍ និងខ្សែការពារMarcao ពីក្លិប Galatasaray កាលពីខែមុន។

 ខ្សែបម្រើ Isco បានបញ្ជាក់ពីការចាកចេញរបស់គាត់ពី Real Madrid ក្នុងខែឧសភា បន្ទាប់ពីជោគជ័យរយៈពេល៩ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញ ដោយបានឈ្នះពានរង្វាន់ចំនួន១៩រួមទាំងពានរង្វាន់លីកចំនួន៣, ពានរង្វាន់ Champions League ចំនួន៥ និងពានរង្វាន់ Club World Cup ចំនួន៤។

 កីឡាករវ័យ៣០ឆ្នាំរូបនេះដែលបានចំណាយពេល២រដូវកាលនៅ Malaga និងក៏លេងឱ្យ Valencia បានបង្ហាញខ្លួនច្រើនជាង៣៥០ដង និងស៊ុតបញ្ចូលទីបាន៥៣គ្រាប់សម្រាប់ក្លិប Real Madrid

 ទោះបីជាយ៉ាងណាក៏ដោយ Isco ត្រូវបានអ្នកចាត់ការទូទៅលោក Carlo Ancelotti ប្រើប្រាស់តិចតួចកាលពីរដូវកាលមុន ដោយលេងបានត្រឹមតែ១៧ដងប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ខណៈដែលក្រុម Real Madrid បានឈ្នះពានលីក La Liga និងChampions League

 Isco ដែលជាប់ជម្រើសជាតិអេស្ប៉ាញបាន៣៨ដង បានធ្វើការជាមួយគ្រូបង្វឹក Sevilla លោក Julen Lopetegui ២ដងមុនជាមួយក្រុមជម្រើសជាតិក្នុងការកសាងឡើងដល់ World Cup ឆ្នាំ២០១៨ និងក្រោយឆ្នាំនោះកំឡុងពេលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមកដឹកនាំនៅ Real Madrid

 គួរបញ្ជាក់ថា ក្រុម Sevilla ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងលីកកំពូលអេស្ប៉ាញ La Liga កាលពីរដូវកាលមុន នឹងចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មី២០២២២០២៣ ជាមួយនឹងការធ្វើដំណើរទៅកាន់ទឹកដីក្រុម Osasuna នៅថ្ងៃសុក្រសប្តាហ៍នេះ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print