ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី០៨ ខែសីហា ឆ្នាំ២០២២នេះថា៖ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) ជាសេនាធិការ បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម)។
ជាក់ស្ដែងយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលទើបទទួលបាននៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ ស្ដីពីការកែសម្រួលលក្ខខណ្ឌកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ បានបញ្ជាក់ថា ក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ គណៈកម្មការរៀបចំនិងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (គ.រ.ច.) សម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ចំពោះរាល់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាប្រភេទសហគ្រាសធុនតូច និងមធ្យម (ជាប់ពន្ធតូច និងពន្ធមធ្យម) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាជីវកម្មប្រភេទខាងលើនេះ មានជម្រើស (ដោយស្ម័គ្រចិត្ត) ក្នុងការស្នើសុំការវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។
អនុវត្តតាមសេចក្តីជូនដំណឹងខាងលើ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ជាសហគ្រាសធុនធំ (ជាប់ពន្ធធំ) នៅតែបន្តជាប់កាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ និងត្រូវរួសរាន់ដាក់ពាក្យស្នើសុំចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍នៅលេខាធិការដ្ឋានគណៈកម្មការរៀបចំ និងវាយតម្លៃចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលមានទីតាំងនៅទីស្តីការក្រសួងទេសចរណ៍ ឬនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជៀសវាងរងការពិន័យអន្តរការណ៍ជាប្រាក់ស្របតាមស្មារតីប្រកាសអន្តរក្រសួងលេខ ១៦០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ការសម្រេចលើកលែងកាតព្វកិច្ចនេះធ្វើអនុវត្តតាមសេចក្តីជូនដំណឹងលេខ ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការលើកស្ទួយសហគ្រានធុនតូច និងមធ្យមលើកទី២៕
ដោយ៖សហការី