ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញដេកស្លាប់នៅលើគ្រែក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ស្រុកកណ្តាលស្ទឹងបញ្ជាក់ថា ស្លាប់ដោយសារខ្យល់គមិនមានជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ីង វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុ ។ នៅមុនពេលកើតហេតុជនរងគ្រោះបានដើរទៅដេកនៅលើគ្រែក្នុងផ្ទះដែលស្ថិតនៅក្បែរបន្ទប់ទឹកដោយពុំមានរឿងអ្វីកើតឡើងនោះទេ រហូតដល់វេលារសៀលក្រុមគ្រួសារបានចូលទៅដាស់ជនរងគ្រោះឲ្យក្រោក ខណៈលូនដៃទៅអង្រន់ទើបដឹងថា ជនរងគ្រោះបានស្លាប់ក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ។
ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រស្រុកកណ្តាលស្ទឹង សហការជាមួយក្រុមគ្រូពេទ្យប្រចាំមណ្ឌលសុខភាពឃុំបានចុះទៅពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចនិងគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គមិនមានជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ។ បន្ទាប់ពីពិនិត្យចប់សព្វគ្រប់ហើយសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ