ខេត្តកណ្តាល៖ ជនសង្ស័យជាម្ចាស់ផ្ទះបើកឲ្យមានល្បែងស៊ីសងខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាលបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកអ្នកលេងល្បែង៦នាក់ទៀត ត្រូវបានសមត្ថកិច្ចធ្វើការអប់រំរួចដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីសមត្ថកិច្ចនករបាលស្រុកខ្សាច់កណ្តាលធ្វើការបង្រ្កាបឃាត់ខ្លួនរួមគ្នា កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យជាម្ចាស់ផ្ទះដែលត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការនោះឈ្មោះ ឡេង អាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ។ ដោយឡែកអ្នកលេងល្បែងដែលត្រូវបានចាប់ខ្លួនធ្វើការអប់រំនេះមានចំនួន៦នាក់ ទី១-ឈ្មោះ ញឹម លី ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី២-ឈ្មោះ សំ ផន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៣-ឈ្មោះ ហៀង ផល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទី៤-ឈ្មោះ ម៉ូវ សឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទី៥-ឈ្មោះ ម៉ក់ តូម៉ា ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ទាំង៥នាក់នេះមានទីលំនៅក្នុងឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល និងទី៦-ឈ្មោះ សាំង សឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិព្រែករៃ ឃុំ ព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបានបន្តថា ក្រៅពីធ្វើការឃាត់ខ្លួនម្ចាស់ផ្ទះនិងអ្នកលេងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន៖ មេអាប៉ោងចំនួន៤គ្រាប់ ,ចានបាញ់អាប៉ោង១ ,គម្របចានអាប៉ោង១ ,កំរាលហាន់តោចំនួន៣ ,កាបូបស្ពាយ១ ,បៀរនីឡុងចំនួន៩ហ៊ូ ,ប្រាក់រៀលចំនួន៩៥០០០រៀល ,កន្សែងជូតចានអាប៉ោងចំនួន២ ,ស្បែកជើង១០គូ និងម៉ូតូចំនួន៩គ្រឿងផងដែរ ៕
ដោយ៖ ស្អាងជ័យ