លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី៖​ ក្រុមការងារស្រាវជ្រាវរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ កំពុង​ប្រមូល​ព័ត៌មាន​ក្នុងការស៊ើបអង្កេតករណីមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖​ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ ក្រុមការងារស្រាវជ្រាវរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស គិតមក​ដល់ថ្ងៃទី១០ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានចុះទៅដល់​ទីតាំងដែលមន្រ្តីមូលដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្ក្រាបល្បែងជល់មាន់អនឡាញនោះហើយ។ ហើយ​ចំពោះ​ការចុះទៅនេះ​ដោយកម្លាំង​គណៈកម្មការចំពោះកិច្ចបានចុះទៅដល់ភូមិប្រជាពលរដ្គឺដើម្បីប្រមូលព័ត៌មានពីពួកគាត់ និងម្ចាស់ទីតាំងឱ្យបានច្បាស់លាស់​ពី​រង្វង់​ប្រតិបត្តិការ​ និងសកម្មភាពបង្ក្រាបរបស់មន្ដ្រីកងរាជអាវុធហត្ថ។

លោកអ្នកនាំពាក្យរូបនេះ​ បានបន្ថែមថា៖ មិនមានបណ្ដឹងណាមួយពីគ្រួសារសពមកកង​រាជ​អាវុធហត្ថទេ ប៉ុន្តែគោលការណ៍កងរាជអាវុធហត្ថតែងតែ​ទទួលយកព័ត៌មាន​ពី​ប​ណ្ដាញ​សង្គមយក​មក​ផ្ទៀងផ្ទាត់​ជាមួយរបាយការណ៍របស់មេបញ្ជាការខេត្ត។​ ចំពោះលទ្ធផល​នៃការស្រាវជ្រាវ​មកដល់​ពេលនេះ​មិនទាន់បានបង្ហាញនៅឡើយទេ។​

សូមជម្រាបដែរថា៖​ ​កាលពីរសៀលថ្ងៃទី០៩​ សីហា​ម្សិលមិញ​នេះ​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍ថា មន្ត្រី​កងរាជអាវុធហត្ថខេត្តកំពង់ធំចំនួនជាង ១០នាក់ ​ត្រូវបានផ្អាកការងាររបស់គាត់ ​បានន័យថា ព្យួរការងារសិន ​ដើម្បីបើកឲ្យការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ច​ស្រាវជ្រាវ​ជុំវិញ​ករណីការស្លាប់មនុស្សនៅពេលដែលក្រុមមន្ដ្រីទាំងនេះ​ ចុះប្រតិបត្តិការបង្ក្រាប។​ បន្ទាប់​ពី​ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយបានបង្ហោះកាលពីពេលកន្លងទៅដោយលើកឡើងថា មាន​ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ​ខេត្តកំពង់ធំ បាន​ស្លាប់ក្នុងប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់​តាម​អនឡាញមួយ​ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា ការស្លាប់នោះគឺ​បណ្តាល​មក​ពី​កម្លាំង​កង​រាជអាវុធហត្ថ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print