ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែសីហា ឆ្នាំ២០២២នេះថា៖ លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានលើកឡើងកាលពីថ្ងៃទី១០ ខែសីហាម្សិលមិញនេះថា៖ ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកមានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។ លោករដ្ឋលេខាធិការ បន្តថា កម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាឱ្យបរិយាកាសពាណិជ្ជកម្ម-វិនិយោគនៅកម្ពុជាកាន់តែមានភាពទាក់ទាញ និងអំណោយផលដល់វិនិយោគិនអន្តរជាតិមកពីបណ្តាប្រទេសនានាលើពិភពលោក។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនៈភាពជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយឧបត្ថម្ភវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ព្រមទាំងបានបញ្ចូនវត្ថុបុរាណមកកាន់កម្ពុជា ដែលជាមាតុប្រទេសវិញ ក្នុងពេលថ្មីៗនេះ។
ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួងដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាមេរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តសហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ លោកស្រីបានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។
ជាមួយគ្នានេះ លោកស្រីក៏បានជម្រាបមកកាន់ក្រសួងពាណិជ្ជកម្មកម្ពុជាផងដែរថា ថ្មីៗនេះរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។
គួររលឹកផងដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃ កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាមេរិក៕
ដោយ៖សហការី