ឈុតបុរាណច្នៃស្លៀកដោយ សេង មង្គល កំពុងលេចការរិះគន់វែកញែកខ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ ការច្នៃឈុតបុរាណបង្ហាញលើឆាកប្រកួតកម្មវិធីសម្រស់បានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់វិស័យកញ្ញាឯក ។ ថ្មីៗនេះតារាសម្តែងសាច់ដុំស្រស់សង្ហា សេងមង្គល បានធ្វើឲ្យអ្នកគាំទ្រ និងទស្សនិកជនមានការរិះគន់ និងវែកញែកគ្នាខ្លាំងជុំវិញការស្លៀកឈុតបុរាណច្នៃមួយឡើងបង្ហាញមុខក្នុងកម្មវិធីប្រកួតសម្រស់វគ្គផ្តាច់ព្រ័ត្រMister Cambodia 2022។ 

វីដេអូរបស់កម្លោះសង្ហាខាងលើមានអ្នកចូលទស្សនាប្រមាណជាង២លានដងរួចមកហើយត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យទស្សនិកជនធ្វើការរិះគន់ វែកញែក និងមានមតិចម្រុះជាច្រើននោះគឺក្រោយពីរូបសត្វមករ ដែលត្រូវបានច្នៃក្នុងឈុតស្តេចនាគវ៉ាសុគី ដែលជាតួអង្គក្នុងរឿងកូសមុទ្រទឹកដោះដែលជាខ្សែរឿងបែបព្រាហ្មនិយមនោះ។ អ្វីដែលធ្វើឲ្យទស្សនិកជនមិនពេញចិត្តគឺការច្នៃរូបសត្វមករ ដែលគេពិបាកនឹងសម្គាល់ថាជាសត្វអ្វីឲ្យពិតប្រាកដមិនដូចនាគ ក៏មិនដូចសត្វមករឡើយ ដែលអ្នកខ្លះលើកឡើងថាគួរតែច្នៃឲ្យបានស្អាតប្រណីតជាងនេះដើម្បីកុំឲ្យក្មេងៗជំនាន់ក្រោយមានការយល់ច្រឡំ។ អ្វីដែលជាការកត់សម្គាល់គេហទំព័រហ្វេសប៊ុក វិភាគកុនមុននេះក៏បានធ្វើការបញ្ជាក់អំពីការរិះគន់នេះដែរ ដោយបានលើកឡើងថា “ឃើញមតិលើកឡើង ពីសត្វនៅលើស្មាគាត់ហ្នឹង ការពិតមិនមែនជាសត្វនាគទេ។ ប្រភពបន្តថាស្របពេលសៀមព្យាយាមបង្អួចរចនាបថ ពាក់ព័ន្ធសត្វ នាគ ដើម្បីប្រកាស ជា អត្តសញ្ញាណវប្បធម៌ លើគ្រប់បរិក្ខា មិនថាតំណាងសិល្ប:ជាតិ និង វប្បធម៌តំណាងសក្តានុភាពប្រទេស ឬ ប្រកាសថា ជា សត្វទេវកថា តំណាងម្ចាស់គង្គារចូរដឹងថា ពីបុរាណកាលមក ខ្មែរ អត់ជ្រើសយកនាគ តែយើង ជ្រើស #សត្វមករ  ជា សត្វតំណាង សក្តានុភាពដ៏យូរលង់នៃសិល្បៈវប្បធម៌ខ្មែរ។ ជាសត្វក្នុងទេវកថារបស់ខាងព្រហ្មញ្ញសាសនាជាយានជំនិះ របស់ ព្រះម៉ែគង្គា  ។ ទោះជាយ៉ាងណាគណនីយខាងលើបានសរសើរពីគំនិតច្នៃប្រឌិត ព្រោះរាប់ឆ្នាំហើយឃើញឆ្នាំនេះមាន គំនិតថ្មី  ។ ទោះជាយ៉ាងណាមានទស្សនិកជនជាច្រើនបានបន្តចែករំលែក និងបញ្ចេញសាររិះគន់ជាហូរហែទៅកាន់ការបញ្ចេញឈុតទាំងនេះដែលពួកគាត់លើកទឹកចិត្តឲ្យមានការសម្រិតសម្រាំងបន្តិចមុនពេលដាក់បង្ហាញជាសាធារណៈបញ្ចៀសការយល់ខុសរបស់មហាជន។ 

  គួរបញ្ចាក់ដែរថាសត្វមករ ជាសត្វមានអំណាចលេបនាគ គ្រុឌ និងទេពនិករទាំងឡាយនៅលើផែនដីសត្វម្ករ ឬមករ នៅក្នុងភាសាពួកហិណ្ឌី និងភាសាសំស្រ្កឹត គឺជាសត្វក្រពើ ឬសត្វនាគ ដែលមាននិទានក្នុងគម្ពីរវេទ នៃទេវកថារបស់ព្រហ្មញ្ញសាសនា។ លក្ខណៈទូទៅរបស់សត្វនេះ មានក្បាល និងដងខ្លួនជាសត្វនាគ ត្រចៀកជ្រូក ធ្មេញក្រពើ ប្រមោយដំរី ភ្នែកស្វា ស្រកាត្រី ជើងរាជសីហ៍ កន្ទុយក្ងោក ។ជាយានជំនិះព្រះនាងគង្គារ និងព្រះពិរុណ(វិរុណ)។ សត្វមករ ជាសត្វដែលមានឥទ្ធិពលដ៏មហិមា ជាសត្វកាចសាហាវ បានចាប់កំណើតឡើងដោយព្រះកេសាមួយសសៃនៃព្រះនាងគង្គា ដែលរំសាយធ្លាក់ចុះមកផែនដី សូម្បីឥសូរ ឥសីក៏ខ្លបខ្លាចអំណាចតេជៈ ហើយខ្លាំងជាងអ្វីៗក្នុងលោក។ វាលួចលបលេប រាល់សព្វសត្វអ្វីៗ មិនថាគ្រុឌ នាគ និងសត្វទាំងពួងបួករួមពពួកទេពនិករទាំងឡាយណាដែលវាជួបប្រទះ។ដោយគ្មានទេវៈណា អាចបង្រ្កាបរិទ្ធានុភាពសត្វម្ករនេះបាន រួមទាំងព្រះសិវៈផង។ ក្នុងចម្បាំងរវាងព្រះសិវៈ និងសត្វម្ករនេះ ក្នុងតំណាលថា បានអូសបន្លាយជាច្រើនកប្ប មិនចាញ់ មិនឈ្នះ ទើបមានអន្តរាគមន៍ពីព្រះនាងគង្គាជាម្ចាស់នៃកំណើតសត្វម្ករនេះ ដោយក្នុងសង្រ្គាមនោះ ព្រះនាងបានបង្គាប់ឱ្យព្រះសិវៈលើកទ្រង់ដាក់លើព្រះហស្ថ រួចឱ្យគង់ពីលើម្ករ ដោយអំណាចតេជៈព្រះនាងដែលបានបង្កើតសត្វម្ករនេះឡើង ក៏ធ្វើឱ្យសត្វម្ករទ្រនូវទម្ងន់ដ៏ធ្ងន់មហិមាមិនបាន ក៏ខ្ជាក់សព្វសត្វទាំងពួងដែលខ្លួនបានលេបចេញមកនាឰដ៏អាកាសនោះហោង។ ដូច្នេះហើយទើបយើង ឃើញវត្តមានម្ករនៅក្នុងចម្លាក់សិល្បៈបុរាណខ្មែរសម័យមុនអង្គរ និងក្រោយអង្គរ រហូតតមកសម័យបច្ចុប្បន្ន ក៏នៅតែមានវត្តមានផងដែរ៕ 

         

ដោយ៖ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print