ចិនហៅអាមេរិកថា ជាអ្នកជំរុញឱ្យមានសង្គ្រាមវាយប្រហារនៅអ៊ុយក្រែន

ចែករំលែក៖

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន TASS កាលពីថ្ងៃទី១០ខែសីហា ឯកអគ្គរដ្ឋទូតចិនប្រចាំសហព័ន្ធរុស្ស៊ី បានចោទប្រកាន់អាមេរិកនិងណាតូថានៅពីក្រោយបដិវត្តន៍ពណ៌នៅអ៊ុយក្រែន ហើយបានជំរុញឱ្យរុស្ស៊ី ចូលដល់ផ្លូវទល់ទើបមានសង្គ្រាមផ្ទុះឡើង។ លោកខាងលិចបានព្យាយាមបំផ្លាញរុស្ស៊ី ។​

មន្ត្រីការទូតចិនបញ្ជាក់ថា «គោលដៅចុងក្រោយរបស់លោកខាងលិចគឺជាន់ពន្លិចរុស្ស៊ី តាមរយៈសង្គ្រាមអូសបន្លាយ និងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចទៅលើសេដ្ឋកិច្ចរុស្ស៊ី»។ ជាមួយគ្នានេះដែរ លោកខាងលិចក៏បានខិតខំទប់ស្កាត់ការរីកចម្រើនរបស់ចិន ដោយជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងចិន ក្នុងនោះមានបញ្ហាកោះតៃវ៉ាន់ជាដើម។ ក្នុងពេលនេះទំនាក់ទំងរវាងចិននឹងរុស្ស៊ីកាន់តែល្អប្រសើរនៅលើគ្រប់វិស័យ។
ពាក់ព័ន្ធសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងកៀវ បានចោទប្រកាន់រុស្ស៉ីថាបានបាញ់ផ្លោងរ៉ុក្កែតចេញពីទីតាំងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដែលទាហានរុស្ស៉ីបានដណ្ដើមកាន់កាប់ ដោយបណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ និងរបួស១០នាក់។
អាជ្ញាធរអ៊ុយក្រែនក្នុងតំបន់បាននិយាយថា រុស្ស៉ីបានកំណត់យកគោលដៅលើទីក្រុងម៉ាហាណេតស៍ (Marhanets) ជាកន្លែងដែលទីក្រុងមូស្គូ ធ្លាប់អះអាងថា អ៊ុយក្រែនបានប្រើជាទីតាំងដើម្បីបាញ់ផ្លោងលើទាហានរុស្ស៊ីនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)។ តាមរយៈសារជាវីដេអូ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងថា កងកម្លាំងអ៊ុយក្រែននឹងឆ្លើយតបចំពោះការបាញ់ផ្លោងលើទីក្រុងម៉ាហាណេតស៍ ខណៈដែលយោធាអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីក៏បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើនទៀត នៅជុំវិញរោងចក្រថាមពលនេះ រួមទាំងទីក្រុងវូឡេដា (Vuhledar) ដែលសម្បូរដោយរ៉ែធ្យូងថ្មផងដែរ។
ដោយអំពាវនាវដល់សម្ព័ន្ធមិត្តអន្តរជាតិឱ្យបញ្ជូនអាវុធកាន់តែច្រើនមកកាន់ទីក្រុងកៀវ លោកហ្សេលេនស្គី បានគូសបញ្ជាក់ថា «ទីក្រុងកៀវនឹងមិនបណ្តែតបណ្តោយឱ្យការបាញ់ផ្លោងរបស់រុស្ស៊ីលើតំបន់ ឌីនីប្រូប៉េត្រូវស្ក៍ (Dnipropetrovsk) កើតឡើងដោយគ្មានការឆ្លើយតបវិញនោះឡើយ»៕ ដោយធីរីណា

...

រូប​ថត​ :​TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print